សង្គម

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ភ្ជាប់សំឡូត ទៅកោះកុង សម្រេចបាន ៥៦% ហើយ

គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែល​មានប្រវែង ១៩៧,៦៩៧គីឡូម៉ែត្រ លាតសន្ធឹងពីស្រុកសំឡូត នៃខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ បន្តរហូតដល់ខេត្តកោះកុង គិតមកទល់បច្ចុប្បន្ន សម្រេចការសាងសង់បានជាង ៥៦%ហើយ ។ នេះជាការលើក​ឡើងរបស់​លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ ក្នុងឱកាស​ចុះ​ពិនិត្យ​បច្ចេកទេស និង​វឌ្ឍនភាពការងារគម្រោងសាងសង់ផ្លូវជាតិលេខ១០ កាលពីថ្ងៃទី២២ កុម្ភៈ ថ្មីៗនេះ។

គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៧,៦៩៧គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សាងសង់តាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន២៨កន្លែងប្រវែង ១.៧២១,៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។

គួរបញ្ជាក់ដែរថា ផ្លូវជាតិលេខ១០នេះ បាន​បើក​ការដ្ឋានសាងសង់កាលពីដើមខែមីនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។ ផ្លូវជាតិលេខ១០នេះ ត្រូវ​បានចាត់ទុកថា គឺជា​សរសៃឈាមសេដ្ឋកិច្ចជាតិដ៏​មានសក្តានុពល អាចជួយ​សម្រួល​ដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍​ធ្វើសមាហរណកម្មតភ្ជាប់​ផ្ទៃដីក្នុង​ប្រទេស និង​ជាមួយ​តំបន់ ដែល​រួម​ចំណែក​ក្នុងការ​លើក​កម្ពស់​ប្រសិទ្ធភាព នៃការ​ដូរពាណិជ្ជកម្ម វិនិយោគដំណាំកសិផល កសិឧស្សាហកម្ម និង​ទេសចរណ៍​បានឆាប់រហ័ស និង​ចំណាយ​តិច ជាពិសេស​ជាមួយ​ប្រទេស​ជិតខាង៕