ម្ចាស់សិប្បកម្មកែច្នៃរមៀត លោកស្រី បានដាក់ពាក្យបណ្តឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្តឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Long Rannatevy ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង។
យោងពាក្យបណ្តឹងដែលសារព័ត៌មានទទួលបាន បានឲ្យដឹងថា ម្ចាស់សិប្បកម្មកែច្នៃរមៀត លោកស្រី សុិន សំអាន បានប្តឹងឈ្មោះ ឡុង រតនាទេវី ដែលជាម្ចាស់គណនីហ្វេសប៊ុក Long Rannatevy ដែលបានយករូបថតក្រុមគ្រួសាររបស់គាត់ទាំងមួយគ្រួសារយកទៅបង្ហោះជាសាធារណៈដោយគ្មានការអនុញ្ញាត ថែមទាំងភ្ជាប់នូវខ្លឹមសារ ក្នុងនៃបង្ខូចកិត្តិយស។
ក្នុងពាក្យបណ្តឹងលោកស្រី ស៊ិន សំអាន បានបញ្ជាក់ទៀតថា ការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Long Rannatevy នេះគឺក្នុងចេតនាទុចរិតធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសាររបស់គាត់យ៉ាងធ្ងន់ធ្ងរ ជាពិសេសប៉ះពាល់យ៉ាងខ្លាំងចំពោះកិត្តិយសនិងសេចក្តីថ្លៃថ្នូរកូនស្រីពៅរបស់គាត់។ ម្យ៉ាងវិញទៀតការបង្ហោះសារបែបនេះបានធ្វើឱ្យអតិថិជនរបស់គាត់ ក៏ដូចជាសាធារណជន ជាច្រើនមានការយល់ច្រឡំ និងមានការរើសអើងយ៉ាងខ្លាំងដល់ក្រុមគ្រួសាររបស់គាត់ ជាពិសេសបានប៉ះពាល់ដល់យ៉ាងខ្លាំងដល់អាជីវកម្មស្របច្បាប់របស់គាត់។
ជុំវិញពាក្យបណ្តឹងខាងលើនេះ ក្រុមការងារសារព័ត៌មានយើង បានទំនាក់ទំនងជាមួយភាគីខាង ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Long Rannatevy ដើម្បីសុំការបំភ្លឺ លោកស្រី ឡុង រតនាទេវី បានឲ្យសារព័ត៌មានដឹងថា «ការបង្ហោះហ្វេសប៊ុកនេះគឺគាត់មិនមែនចេះតែបង្ហោះនោះទេគឺមានហេតុមានផល និងមានឯកសារពាក់ព័ន្ធទៅនិងករណីនេះ» «ហើយក៏មិនមានរឿងអីត្រូវបកស្រាយជាមួយអ្នកសារព័ត៌មានដែលព្រោះគាត់មានមេធាវីត្រឹមត្រូវហើយ»។
យ៉ាងណាក្តីលោកស្រី ស៊ិន សំអាន ម្ចាស់សិប្បកម្មកែឆ្នៃរមៀត ក៏បានសំណូមពរ ឯកឧត្ដម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ទៅលើឈ្មោះ ឡុង រតនាទេវី ទៅតាមផ្លូវច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន ៥០០លានរៀល៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299