(ភ្នំពេញ) ៖ នៅឆ្នាំ២០២២កន្លងទៅ ក្រសួងមហាផ្ទៃ បានបណ្តេញមន្រ្តីនគរបាលជាតិចេញពីក្របខ័ណ្ឌចំនួន១១៧រូប។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បង្ហាញនៅក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ។
បើតាមរបាយការណ៍ដែលបង្ហាញដោយ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅឆ្នាំ២០២២កន្លងទៅ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ បានសម្រេចដកហូតមុខតំណែង ដក និងបន្ថយឋានន្តរស័ក្តិមន្រ្តីនគរបាលជាតិចំនួន៨៩រូប ផ្ទេរភារកិច្ចដោយអនុវត្តវិន័យ៥រូប និងផ្អាកការងារបណ្តោះអាសន្នចំនួន៦រូប។
ជាមួយគ្នានៅឆ្នាំ២០២២ ក្រសួងបានបញ្ចូលក្របខ័ណ្ឌថ្មីចំនួន២៦៤៦រូប ស្រី៦២៦រូប ក្នុងនោះបានជ្រើសរើសថ្មី២៥៤៤រូប ស្រី៦២១រូប ផ្ទេរពីក្រសួងស្ថាប័នក្រៅ១០២រូប ស្រី៥រូប។
ក្នុងឆ្នាំកន្លងទៅនោះដែរ ក្រសួងក៏បានដាក់ឱ្យចូលនិវត្តន៍១៧០៤រូប តែងតាំងមុខតំណែង និងសម្រួលភារកិច្ច៦៣៣៤រូប ដំឡើងឋានន្តរស័ក្តិ១១៧៤២រូប។ ចំនួនមន្រ្តីនគរបាលជាតិ បើប្រៀបធៀបនឹង ឆ្នាំ២០២១ បានកើន១៥១៨រូប ស្រី៥៥៧រូប៕