ខេត្តពោធិ៍សាត់ ៖ ក្រោយរាជរដ្ឋាភិបាលដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់លុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសល្បែងតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសកន្លងមកនោះ ងាកមកមើលខេត្តពោធិ៍សាត់ឯណេះវិញ។ ពិសេសក្នុងស្រុកក្រគរតែម្តង គឺកំពុងដំណើរការបើកលេងភ្នាល់រាល់ថ្ងៃតាមទីតាំងជាច្រើននៅលើអាយផេត និងឡែបថបតូចៗ និងតាមទីរស័ព្ទដៃ ផ្ទុយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ។
យោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។
មិនបាត់នោះទេ កំពុងតែររីកដុះដាលខ្លាំងណាស់ក្នុង ស្រុកក្រគរខេត្តពោធិ៍សាត់ នូវវង់ល្បែងស៊ីសង ដូចជាឡូតូអនឡាញ និងជល់មាន់អនឡាញ ដែលដើមឡើយដាក់បញ្ចាំងភ្នាល់តាមទូរទស្សន៍ធំៗ ខណៈពេលនេះលេចចេញល្បែងភ្នាល់ទាំងនេះលើអាយផេត និងឡែបថបតូចៗ និងតាមទូរស័ព្ទដៃទៅវិញ ។
តាមប្រភពច្បាស់ការ ដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ទើបទទួលបាន នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រុមការងារសារព័ត៌មានពេញចិត្តមេឌា បានចុះផ្តិតយករូបភាព ចំពោះទីតាំងកំពុងតែដំណើរការលេងល្បែងជល់មាន់តាមអនឡាញ ជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតឡូតូគ្មានយីហ៊ោ ស្រែកហូរកញ្ជ្រៀវសប្បាយក្នុងការលេងល្បែងភ្នាល់ដាក់ប្រាក់ទាំងនេះ ស្ថិតនៅ
ភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងមានទីតាំងជាច្រើនទៀតនៅតាមបណ្ដារឃុំជាច្រើនក្នុងស្រុកក្រគរ។ ប៉ុន្តែអ្វីដែលចម្លែកបំផុត សំឡេងហូរកញ្ជ្រៀវសើចក្អាកក្អាយ ចេញពីទីតាំងល្បែងស៊ីសងភ្នាល់ដាក់ប្រាក់ទាំងនេះ
មិនបានរំខានដល់ត្រចៀករបស់អាជ្ញាធរមូលដ្ឋាននោះឡើយ។
ចំពោះករណីល្បែងស៊ីសងខាងលើនេះ បណ្ដាញសារព័ត៌មានពេញចិត្តមេឌា មិនអាចសុំការបំភ្លឺពីលោក មោក ភារម្យ អធិការស្រុកក្រគរ បាននៅឡើយទេ ដោយទូរសព្ទចូលជាច្រើនដងតែពុំមានអ្នកទទួលទូរស័ព្ទ និងផ្ញើសារតាមប្រព័ន្ធតេឡេក្រាម ក៏មិនឃើញចូលមើល។
បញ្ហាទាំងនេះ វាពិតណាស់និងបង្កអសន្តិសុខក្នុងសង្គម អំពើហិង្សាក្នុងគ្រួសារ ចោរកម្ម ដោយពលរដ្ឋមើលឃើញថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ទប់ស្កាត់តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ ។
ពលរដ្ឋក្នុងស្រុកក្រគរ ស្នើសុំ លោក ស ថេង ស្នងការខេត្តពោធិ៍សាត់សុំមានវិធានការទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងភូមិឃុំខាងលើនេះផង៕
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលេខបន្តបន្ទាប់
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299