សង្គម

មន្ត្រី​ចុះត្រួតពិនិត្យ​បេះដូងជ្រូក អណ្ដាតជ្រូក ជាង៥ពាន់​គីឡូក្រាម ដឹកពីវៀតណាម​

(ភ្នំពេញ) ៖ ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ចុះត្រួតពិនិត្យឃ្លាំងមួយកន្លែងដែលស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើយោង​តាម​របាយការណ៍ ក្នុងការចុះត្រួតពិនិត្យនោះឃើញថា មានរថយន្តចំនួន០១គ្រឿង ម៉ាក HYUNDAI ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ ៣B-៩២២៨ នៅក្នុងរថយន្តដឹកផលិតផលមានដើមកំណើតពីសត្វ (បេះដូងជ្រូក អណ្ដាតជ្រូក និងសាច់បង្កកចម្រុះ) សរុបចំនួន ៥ ៨១៤គីឡូក្រាម ដឹកជញ្ជូនចេញពីប្រទេសវៀតណាម តាមច្រកអន្ដរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង យកទៅចែកចាយបន្តក្នុងរាជធានីភ្នំពេញ ។

ដោយលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចនេះក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថតាំងខាងលើមកធ្វើការវិភាគនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដើម្បស្វែងរកសារធាតុគីមីហាមឃាត់ កម្រិតហានិភ័យ និងជំងឺឆ្លងសត្វផ្សេងៗ៕