សង្គម

នាយករដ្ឋមន្ត្រីអញ្ជើញប្រធានាធិបតីវៀតណាម និងឡាវចូលរួមបើកស៊ីហ្គេមនៅកម្ពុជា

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញប្រធានាធិបតីវៀតណាម និងឡាវដើម្បីមកចូលរួមបើកស៊ីហ្គេមនៅប្រទេសកម្ពុជា នាពេលខាងមុខ ខណៈសម្ដេចបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាឱ្យត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំនេះនៅកម្ពុជា។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្និបាត OCIC រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសឡាវ និងវៀតណាមកន្លងទៅ សម្ដេចបានអញ្ជើញដោយផ្ទាល់ទៅកាន់មេដឹកនាំឡាវ និងវៀតណាមឱ្យមកចូលរួមបើកព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ដែលកម្ពុជានឹងរៀបចំជាលើកដំបូងក្នុងរយៈពេល ៦៥ឆ្នាំ។

សម្ដេចបានឱ្យដឹងថាប្រធានាធិបតីឡាវបានទទួលយកការអញ្ជើញរបស់សម្ដេច និងសន្យាថាមករួចរាល់ហើយ។

ជាមួយគ្នានេះសម្ដចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាឱ្យត្រៀមខ្លួនរួចរាល់ ថែរក្សាអនាម័យ សណ្ដាប់ធ្នាប់សង្គមឱ្យបានល្អផងដែរ ដោយថាការចូលរួមរបស់ពលរដ្ឋជាការឱ្យតម្លៃដល់មុខមាត់ជាតិ។

នៅសល់ ៧៤ថ្ងៃទៀតកម្ពុជានឹងរៀបចំព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន ស៊ីហ្គេមលើកទី៣ និងប៉ារ៉ាអូឡាំពិកហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣៕