(ភ្នំពេញ) ៖ ក្រុមចោរឆក់ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់អ្នកដំណើរនៅលើកង់បីកាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ត្រូវបានកម្លាំងការិ-នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។
ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនរួមមាន៖
១- ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ។
២- ឈ្មោះ ងើយ ចាន់ស៊ីថេត ហៅចាក់ ភេទប្រុស អាយុ ១៨ឆ្នាំ
៣- ឈ្មោះ ថាច់ សុបញ្ញ៉ា ហៅ ញ៉ា ហៅ សីហា ភេទប្រុស អាយុ ១៩ ឆ្នាំ ។
តាមរបាយការណ៍របស់សមត្ថកិច្ច កាលពីវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីឆក់ទូរស័ព្ទដៃ ពីស្ត្រីម្នាក់កំពុងជិះម៉ូតូកង់បីនៅចំណុចមុខក្រុមហ៊ុនហ្គោលវែលខាភីថល ផ្លូវ២១៥ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ក្រោយពីការធ្វើការស្រាវជ្រាវ សមត្ថកិច្ចក៏ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ក្នុងនោះនៅថ្ងៃទី១១ ខែកុម្ភៈ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ក្រោយពីសាកសួរជនសង្ស័យខាងលើរួចបានសារភាពថាបក្ខពួកចំនួន០២នាក់ បានគេចខ្លួនទៅក្រុងប៉ោយប៉ែត។ លុះដល់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បន្តឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ បន្ថែមទៀតនៅចំណុចខាងមុខផ្ទះលេខ ០៤ ផ្លូវលំ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕