ឆ្នាំ២០២៣នេះ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ពី៣ទៅ៤លាននាក់ ដែលមានភ្ញៀវទេសចរចិនពី៨០ម៉ឺនទៅ១លាននាក់ ក្នុងនោះប្រមាណជិត៣០ភាគរយនៃទេសចរចិន នឹងរំពឹងថាមកទស្សនាខេត្តសៀមរាប ខណៈដែលឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានទេសចរចិនតែ១៨៧៦៣នាក់ កើនឡើង២៣៧,១៦ភាគរយ ធៀបនឹងឆ្នាំ២០២១។
ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការត្រៀមទទួលទេសចរចិន (China Ready) កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាខេត្តសៀមរាប បានបញ្ជាក់ថា ក្រោយប្រទេសចិនប្រកាសបើកប្រទេសកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣មក កម្ពុជាបន្តទទួលជើងហោះហើរត្រង់ជាបន្តបន្ទាប់ពីគោលដៅប្រទេសចិនចូលមកកាន់កម្ពុជា ពិសេសរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ដោយឡែក ខេត្តសៀមរាប ពុំទាន់មានជើងហោះហើរត្រង់ពីប្រទេសចិននៅឡើយ ហើយចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ តទៅ អាចរំពឹងថានឹងមានជើងហោះហើរត្រង់ចូលមកខេត្តសៀមរាបជាបន្តបន្ទាប់ ដែលកិច្ចការទាំងនេះទាមទារឱ្យប្រតិបត្តិករទេសចរណ៍ទទួលទីផ្សារចិនទាំងអស់ ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីពង្រឹងគុណភាពសេវាឱ្យស្របតាមតម្រូវការរបស់ទេសចរចិន និងការកំណត់នានាដែលមានចែងក្នុងសៀវភៅស្តីពី China Ready សម្រាប់ទេសចរណ៍កម្ពុជា ដែលបានដាក់ឱ្យអនុវត្តដោយក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។
បើតាម ឯកឧត្តម សុខ សង្វារ រាជរដ្ឋាភិបាលបញ្ចុះតម្លៃតេស្ត PCR សម្រាប់ទេសចរចិនពី១៣០ដុល្លារ មកនៅត្រឹម៥០ដុល្លារវិញ។ ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីបង្កើនភាពទាក់ទាញទេសចរចិនមកកម្សាន្តគោលដៅទេសចរណ៍វប្បធម៌ខេត្តសៀមរាបឱ្យបានច្រើន៕