សង្គម

ម្ចាស់ផ្ទះជួល ខឹងគេឈប់ជួលបន្ទប់ ផ្ទុះកំហឹងដកកាំភ្លើងភ្ជង់

ម្ចាស់ផ្ទះជួលមួយ​កន្លែងស្ថិត​ក្នុង​សង្កាត់ទឹកថ្លា បានដកកាំភ្លើងភ្ជង់គំរាម​ ក្រោយ​ពីអ្នកជួលផ្ទះសុំរើចេញព្រោះនៅ​មិន​កើត ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១០:៣០នាទី​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ ស្ថិតនៅផ្ទះ​ជួល​ពណ៌​ស្វាយ​ ​ផ្លូវ​បេតុង​ ភូមិ​ទឹក​ថ្លា​ក្រោយ​ព្រះ​វិហារ​ព្រះ​យេស៊ូគ្រិស្តទឹកថ្លា​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។

ភាគី​ជម្លោះ​រវាង​ម្ចាស់​ផ្ទះ​ និង​អ្នក​ជួល​ស្នាក់​នៅ​ គឺមិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​ទេ​ សមត្ថកិច្ច​កំពុង​សាក​សួរ​នៅ​ប៉ុស្តិ៍នគរបាល​ទឹកថ្លា​។

ប្រភព​ពី​ម្តាយ​ជន​រងគ្រោះ​បាន​ប្រាប់​ទាំង​ភ័យ​ស្លន់ស្លោ​​ថា ​កូន​​គាត់​ជាសិស្ស​ឆ្នើម​និទ្ទេស​A ទើប​តែឡើង​មក​ជួល​បន្ទប់ស្នាក់នៅបាន​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ ដោយ​ពិបាក​ស្នាក់នៅ​ ​ដោយសារកន្លែង​ទុក​ម៉ូតូ​មានភាព​ចង្អៀត​ កូន​គាត់​ក៏​ប្រាប់​ម្ចាស់​ផ្ទះ​សុំ​រើចេញឈប់​ជួលបន្ទប់នោះបន្តទៀត​ តែ​ម្ចាស់​ផ្ទះ​ជាជនជាតិ​វៀតណាម​នោះ បាន​ចេញ​ប្រតិកម្ម​ខឹងសម្បា​ និង​​មិន​ឱ្យកូនរបស់គាត់​រើ​ចេញ​នោះទេ​។ ក្រោយមកក៏កើតជារឿង​ទាស់​សម្តី​គ្នា​បន្តិចបន្តួចទើបកូនគាត់​ខ្លាចមិន​ហ៊ាន​ស្នាក់នៅទីនោះទៀត នាងក៏បានចេញទៅនៅជាមួយ​បងប្អូនជា​បណ្តោះ​អាសន្ន​។

លុះ​ដល់​ព្រឹក​ថ្ងៃទី១៥ កុម្ភៈ កូន​បាន​ហៅ​ម្ដាយ និងម្តាយ​មីង​ ដែល​ជាចាស់ទុំ​ឱ្យមកជួយ​រើ​អីវ៉ាន់​ចេញ​ និង​និយាយជាមួយ​ម្ចាស់ផ្ទះ​ផង។ ពេល​ពួកគាត់​មក​ដល់​ បាន​ប្រាប់​ម្ចាស់​ផ្ទះ​សុំ​រើ​អីវ៉ាន់​ចេញ​ ខណៈ​កំពុងតែ​រើ​ ស្រាប់​តែ​ម្ចាស់​ផ្ទះ​នោះ​បាន​មក​ជេរ​ប្រមាថ​ពួកគាត់ចោទ​ពួកគាត់​ថាជាចោរ ​និង​ដាក់​ទំនាយ​កូន​ស្រីគាត់បន្ថែមទៀត។ ដោយ​លឺ​ពាក្យ​មិន​សមរម្យ​ពីម្ចាស់ផ្ទះ​មក​កាន់​យុវតីខាងលើ ​ ម្តាយ​មីង​ក៏​ចេញ​មុខ​មក​និយាយ​សម្រួល​ថា​ «បើក្មួយ​ស្រី​ខ្លួន​នៅ​មិន​កើត​ទៅ​ហើយ​ ឱ្យ​នាង​រើ​ចេញ​ទៅ​ចាំបាច់​អី​ត្រូវ​ជេរ​ និង​ដាក់​ទំនាយ​នាងបែប​នេះ​» គ្រាន់​តែ​និយាយ​ចប់​ក៏​កើត​ជា​ជម្លោះឈ្លោះ​ប្រកែក​គ្នាម្ដងទៀត​ រហូត​មាន​បុរស​ម្នាក់​ដែរ​គេ​ស្គាល់​ថា​ជាកូន​ម្ចាស់ផ្ទះ​ជនជាតិ​វៀតណាមខាងលើ​ បាន​ចេញ​មកជួយ​ឈ្លោះ​ និង​ដក​កាំភ្លើង​មក​ភ្ជង់​ពួក​នាង។

គួរបញ្ជាក់ថា បន្ទាប់​ពី​មាន​ការ​ភ្ញាក់ផ្អើល​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ហៅ​ភាគី​ម្ចាស់​ផ្ទះ​ដែល​ដក​កាំភ្លើង​ និង​អ្នក​ជួល​បន្ទប់ស្នាក់​ទៅ​កាន់​អធិការ​ដ្ឋាន​ខណ្ឌ​សែនសុខ​ ដើម្បីសួរ​នាំ​តាម​និតិ​វិធីច្បាប់​៕