សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានសម្រេចឱ្យក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ហើយ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការណ៍ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ “តើការប្រើពាក្យសោកស្តាយ និងសូមអធ្យាស្រ័យ វាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំ មិនអាចទទួលយកបានឡើយ។ តើការបកស្រាយបំភ្លឺនៅទីនេះ មានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ? ទុកជូនឯកឧត្តម ផៃ សុីផាន ពិនិត្យលទ្ធភាពប្តឹងទៅតុលាការ។ ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំ ហើយក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈពេលជាង៤៤ឆ្នាំ ខ្ញុំពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួ នដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសទួកគី ដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូន ដែលកូននោះគឺ ហ៊ុន ម៉ាណែត ដែលគាត់ពុំបានដឹងរឿងអ្វីសោះ។ តើនេះឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?”។
សម្តេចបានបន្តថា “ដើម្បីកុំឲ្យវែងឆ្ងាយ ខ្ញុំសម្រេចមិនទទួលយកការសំដែងការសោកស្តាយនិងសូមការអធ្យាស្រ័យជំនួសឲ្យការសុំទោសរបស់អស់លោកដែលជាសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អស់លោកនោះឡើយ។ ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួនខ្ញុំសម្រេចបញ្ចប់រឿងនេះ ដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង10.00នាទីថ្ងៃ១៣ កុម្ភះ ២០២៣ជាកំហិត។”
សម្តេចបានណែនាំឱ្យ សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់និងទ្រព្យសម្បត្តិនៃវិទ្យុនេះឲ្យបានគង់វង្ស។ យើងបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះតែយើងមិនប៉ៈពាល់ទ្រព្យសម្បត្តិរបស់គេទេ។
សម្តេចក៏សូមស្នើមិត្តភក្តិបរទេសដែលផ្តល់លុយឲ្យវិទ្យុនេះបង្វិលលុយទៅប្រទេសវិញ ឬជួយទៅប្រទេសផ្សេង។ សូមបុគ្គលិកដែលធ្វើការនៅវិទ្យុនេះស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត៕