សង្គម

ក្រោយកើតបទល្មើសធ្ងន់ៗលោកស្នងការនគរបាលខេត្តតាកែវ ផ្ដាំផ្ញើដល់សាធារណជនកុំមានការព្រួយបារម្ភ

ខេត្តតាកែវ ៖ ដូចដែលមហាជនបានដឹងហើយនាពេលកន្លងមកនាដើមឆ្នាំ២០២៣នេះ ក្រៅពីករណីគ្រឿងញៀន ចោរកម្ម ចោរឆក់ គប់កញ្ចក់រថយន្តតាមដងផ្លូវ នៅមានករណីប្រដេញកាប់គ្នាតាមដងផ្លូវប្រសេកប្រសាចគួរឲ្យខ្លាច។ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុន នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៥និង៥០នាទី ក្មេងស្ទាវ១ក្រុមជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយកាំបិត តាំង.តោដេញកាប់គ្នាបណ្តាលឲ្យសិស្សសាលាម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ លើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៩៣និង៩៤ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ ជនរងគ្រោះឈ្មោះ ប៉ែត កុសលសិទ្ធិ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានជនសង្ស័យកាប់មួយកាំបិតត្រង់កផ្នែកខាងឆ្វេង ស្លាប់នៅនឹងកន្លែងកើតហេតុ។ ក្រោយធ្វើសកម្មភាពជនសង្ស័យបាននាំគ្នាជិះម៉ូតូទៅទិសខាងត្បូងគេចខ្លួនបាន៣ថ្ងៃទើបសមត្ថកិច្ចចាប់ខ្លួនបាន៤នាក់។

ឆ្លើយតបនិងបញ្ហាខាងលើនេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត លោកបានផ្ដាំផ្ញើដល់សសាធារណៈជនទាំងអស់ កុំមានការព្រួយបារម្ភ នៅពេលមកលេងកម្សាន្ដនៅតាកែវ។ ម្យ៉ាងរាល់បទល្មើសដែលកើតឡើងកម្លាំងលោកបានធ្វើការបង្ក្រាប និងស្រាវជ្រាវមុខសញ្ញាអស់ហើយ ជាក់ស្តែងករណីឃាតកម្មកាលពីប៉ុន្មានថ្ងៃមុនបង្កឡើងដោយក្រុមក្មេងទំនើងគឺត្រូវបានឃាត់ខ្លួនអស់ហើយ។ លោកស្នងការបញ្ជាក់ថា លោកទទួលស្គាល់បទល្មើភាគច្រើនគឺមិនអាចបង្កាបាន ព្រោះវាកើតឡើងភ្លាមៗ តែលោកនិងដាក់កម្លាំងជំនួយទៅគ្រប់អធិការក្រុងស្រុកសហការគ្នាធ្វើការ។

សូមបញ្ជាក់ថា បើតាមប្រភពច្បាស់ការពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលសុំមិនបញ្ចេញឈ្មោះថា ចាប់តាំងពីលោក ឈាង ផាន់ណារ៉ា អតិតជាស្នងការរងទទួលផែនពន្លត់អគ្គីភ័យនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ មកកាន់ដំណែងជាស្នងការនគរបាលខេត្តតាកែវ ជាងមួយឆ្នាំនេះ មន្ត្រីនគរបាលជាច្រើនត្រូវបានផ្លាស់ប្តូរតួរនាទី និងដំឡើងឋានន្តរស័ក្តិជាបន្តបន្ទាប់ ដោយស្នងការរងនគរបាលខេត្តមានរហូតដល់២៧រូប ក្នុងនោះមានតែស្នងការរង១៣រូបប៉ុណ្ណោះដែលមានផែនទទួលខុសត្រូវច្បាស់លាស់ ក្រៅពីនេះជាស្នងការរងកិត្តិយស៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732)061881299