ព្រះសីហនុ៖ របងរឹងដែលសាង់នៅកណ្តាលបណ្តោយឆ្នេរអូរឈើទាលស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានអាជ្ញាធរប្រើគ្រឿងចក្ររុះរើចេញវិញហើយទាំងពាក់កណ្តាលយប់ឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ ថា ការរុះរើសំណង់របងរឹងដែលនៅតាមបណ្តោយឆ្នេរនេះគឺធ្វើឡើងក្រោយពីមានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ។
លោកថ្លែងដូច្នេះថា៖ «យើងបានទទួលការណែនាំពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ល្ងាចមិញបានណែនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការសម្របសម្រួលជូនដំណឹងទៅម្ចាស់ទីតាំង ម្ចាស់កម្មសិទ្ធ «ក» ហ្នឹងធ្វើការកែសម្រួល រុះរបងប៉ែកខាងសមុទ្រនោះចេញ អ៊ីចឹងយើងបានធ្វើការរុះរើហើយតាំងពីយប់មិញ»។
ការរុះរើសំណង់របងរឹងនេះ បន្ទាប់ពីមានមហាជនសម្តែងការងឿងឆ្ងល់ថាតើអ្នកណាមានអំណាចនៅពីក្រោយនៃការសាងសង់របងនេះ ខណៈអាជ្ញាធរអះអាងថាសំណង់រឹងនោះជាកម្មសិទ្ធឯកជនដែលមានច្បាប់ត្រឹមត្រូវ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ និងជាអភិបាលរងខេត្ត លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា ទីតាំងដីខាងលើពីមុនគឺជារបស់អង្គភាពនគរបាលជើងទឹក ហើយត្រូវបានធ្វើអនុប្រយោគទៅជាសម្បត្តិឯកជនរបស់រដ្ឋ និងប្រគល់ឱ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍន៍បន្ត។
លោកបញ្ជាក់ថា៖ «នីតិវិធីការកសាងប័ណ្ណកម្មសិទ្ធិ គឺត្រឹមត្រូវរួចអស់ហើយពីរាជរដ្ឋាភិបាលតាំងពីឆ្នាំ២០០៧ និងចេញប័ណ្ណតាំងពីឆ្នាំ២០០៨ ចេញប័ណ្ណកម្មសិទ្ធិឯកជន»៕