សង្គម

ក្រសួងការបរទេស ៖ ដំណើរទស្សនកិច្ច​របស់សម្តេចតេជោ​ទៅ​កាន់ប្រទេសចិន ដើម្បីជំរុញ​កិច្ច​សហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំគណប្រតិភូ​ជាន់ខ្ពស់​ទៅ​បំពេញ​ទស្សនកិច្ចផ្លូវការ នៅទីក្រុង​ប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០២៣ ។

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មានថា ក្នុងឱកាស​ទស្សនកិច្ចនេះ សម្តេចតេជោ​នឹងជួបសម្តែង​ការ​គួរសម​ដាច់ដោយ​ឡែក​ជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និង​លោក លី ជានស៊ូ ប្រធានសភាតំណាង​ប្រជាជនចិន ហើយ​ក៏​មានជំនួប​ទ្វេភាគី​ជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ដើម្បីផ្លាស់ប្តូរ​ទស្សនៈ និង​ពិភាក្សា​អំពី​ចំណង និងកិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ព្រមទាំង​បញ្ហា​ដែល​ជាប្រយោជន៍ និង​កង្វល់រួម ក្នុង​តំបន់ និង​អន្តរជាតិ។

បើតាមក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ច​របស់សម្តេចតេជោ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នឹងផ្តល់កាលានុវត្តភាព​ដល់រដ្ឋាភិបាល​ទាំងពីរ ដើម្បីជំរុញ​កិច្ច​សហប្រតិបត្តិការ​ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និង​ធ្វើ​ឲ្យ​កាន់តែស៊ីជម្រៅ​នូវ​ការ​កសាង​សហគមន៍​ វាសនារួម​កម្ពុជា-ចិន ដើម្បីផលប្រយោជន៍​ទៅវិញទៅមក សម្រាប់ប្រជាជន និង​ប្រជាជាតិទាំងពីរ៕