ម្ចាស់ចំការស្វាយកែវរមៀតមួយកន្លែងស្ថិតនៅក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានសម្រេចកាប់ដើមស្វាយរបស់ខ្លួនចំនួន២០០ដើមចោល ក្រោយតម្លៃស្វាយមួយនេះបានធ្លាក់ចុះយ៉ាងគំហុក ពីតម្លៃ២ពាន់រៀលក្នុងមួយគីឡូក្រាម មកនៅត្រឹម ៤០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។
ម្ចាស់ចម្ការខាងលើនិយាយថា ដំណាំស្វាយកែវរមៀតរាប់រយដើមនេះ ត្រូវបានដាំដុះអស់រយ:ពេលជាច្រើនឆ្នាំមកហើយ ដោយលោកមិនចង់បំផ្លាញចោលទេ ប៉ុន្តែដោយសារតែតម្លៃផ្លែស្វាយមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ ដែលមិនអាចនឹងទុកទៀតបាន ព្រោះផលទទួលបានមិនរួចថ្លៃចំណាយ។ លោកបន្តថា កន្លងមកមន្ត្រីកសិកម្មតែងផ្សព្វផ្សាយថា ដំណាំមួយប្រភេទនេះ មានទីផ្សារនៅក្រៅប្រទេស ពិសេសប្រទេសចិនតែម្ដង តែដល់ប្រជាពលរដ្ឋនាំគ្នាដាំ បែរជាតម្លៃធ្លាក់ថ្លៃរហូតមិនអាចទ្រទ្រង់ដល់ការចំណាយវិញបាន ដូច្នេះ ជម្រើសមានតែមួយគឺកាប់ចោល ដាំអ្វីផ្សេងជំនួសវិញ។
ម្ចាស់ចម្ការខាងលើ បន្តថា ពួកគាត់មួយលែងចង់ដាំស្វាយកែវរមៀត ឬដំណាំមៀនប៉ៃលិនទៀតហើយ ព្រោះដាំរួច បែរជាតម្លៃទីផ្សារធ្លាក់ចុះ ខុសពីដំឡូងមី ដែលឡើងថ្លៃខ្ពស់ គឺប្រជាកសិករ បានសម្រេចកាប់ចោលដើមស្វាយ និងដើមតាង៉ែន ប្តូរមកដាំដំណាំវិលជុំវិញ ក្រែងបានថវិកាខ្លះយកទៅសងបំណុលគេ។
សម្រាប់មន្ត្រីរដ្ឋបាលខេត្តប៉ៃលិន បានថ្លែងប្រាប់ថា រឿងប្រជាពលរដ្ឋនាំគ្នាកាប់ដើមស្វាយកែវរមៀតចោលអស់នោះ ជាសិទ្ធិរបស់ពួកគាត់ ក្នុងនាមអាជ្ញាធរមិនអាចឃាត់ឃាំងបានទេ ប៉ុន្តែលោកសូមណែនាំថា ប្រសិនបើមិនទាន់ជ្រើសរើសដំណាំអ្វីឱ្យច្បាស់ទេ កុំទាន់អាលកាប់ចោលអី ព្រោះទម្រាំដាំបានដើមធំៗប៉ុណ្ណេះ គឺចំណាយពេលយូណាស់ តែបើមានជម្រើសល្អហើយ គឺគួរតែផ្លាស់ប្ដូរ ព្រោះពួកគាត់មិនអាចរង់ចាំការខាតបង់ជារៀងរាល់ឆ្នាំបានទេ៕