សង្គម

ពលរដ្ឋជិត១០០គ្រួសារ ៧ភូមិនៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ សំណូមពរ អាជ្ញាធរពាក់ព័ន្ធ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ កាត់ឆ្វៀលដីស្រែចំការ របស់ពួកគាត់ បន្តកាន់កាប់ស្របច្បាប់

ភ្នំពេញ៖ ផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋជិត១០០គ្រួសារ ដែលជាម្ចាស់ដីស្រែចំការ ចំនួន៧ភូមិ គឺភូមិបួនមុខ ភូមិស្វាយឧត្តម ភូមិត្រពាំងអំពិល ភូមិត្រពាំងទទឹង ភូមិកាន់ទ្រង់ ភូមិកោះរងៀង និងភូមិថ្នល់បន្ទាយ នៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

តំណាងប្រជាពលរដ្ឋបានរៀបរាប់ពីប្រវត្តិកាន់កាប់ដីថា ចាប់ពីឆ្នាំ១៩៨០ ពួកគាត់បានកាន់កាប់និងអាស្រ័យផលដីដោយធ្វើស្រែនិងដាំដុះដំណាំផ្សេងៗយ៉ាងសុខសាន្ត មិនមានការរំខានពីបុគ្គលណាមួយឡើយ។ ស្រាប់តែថ្ងៃ០៣ ខែកុម្ភៈឆ្នាំ២០១៦ រាជរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់ផ្ទៃបឹងតាមោកជាសម្បត្តិសាធារណៈ ប៉ុន្តែពួកគាត់នៅតែបន្តកាន់កាប់អាស្រ័យផលដីនោះដដែល។

ថ្មីៗនេះ ពួកគាត់បានឃើញអនុក្រឹតលេខ២៣៧ចុះថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ដោយយកដីរបស់ពួកគាត់ដែលកំពុងកាន់កាប់អាស្រ័យផល យកទៅប្រគល់ឱ្យបុគ្គល៤រូបមិនដឹងជារស់នៅទីណាដើម្បីធ្វើជាកម្មសិទ្ធិគឺ លោក ស្រេង ធឿន, លោក យ៉ែម ច័ន្ទរស្មី, អ្នកស្រី ទ្រៀង ស៊ីនួន និង អ្នកស្រី ភួង សុម៉ី ដែលបានធ្វើឱ្យប៉ះពាល់ដីស្រែចំការរបស់ពួកគាត់ដែលកំពុងកាន់កាប់អាស្រ័យផលជាក់ស្តែងតាំងពីយូរណាស់មកហើយ។ បន្ថែមលើនេះបុគ្គលទាំង៤នាក់នេះ កំពុងរត់ការធ្វើប្លង់រឹងគ្របលើដីរបស់ពួកគាត់ផងដែរ។ ឃើញដូច្នេះ ពួកគាត់បានដាក់ពាក្យបណ្តឹងទប់ស្កាត់ និងសុំអន្តរាគមន៍ ទៅអាជ្ញាធរសង្កាត់ ខណ្ឌព្រែកព្នៅ អភិបាលរាជធានីភ្នំពេញ និង សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ ប៉ុន្តែ មិនទាន់មានដំណោះស្រាយនៅឡើយទេ។

លោក ខៀវ ផាប់ អតីតមេភូមិត្រពាំងអំពិល បានបញ្ជាក់ថា នៅឆ្នាំ១៩៨០ ដីទាំងនោះជាដីក្រុមសាមគ្គី ហើយក្រោយមកនៅឆ្នាំ១៩៨៤ រដ្ឋបានចែកជូនប្រជាពលរដ្ឋដើម្បីបង្កបង្កើនផលធ្វើស្រែ និងដាំដំណាំផ្សេងៗចិញ្ចឹមជីវិតរហូតដល់បច្ចុប្បន្ននេះ។ ហើយគាត់ជាអ្នកចូលរួមបែងចែកជូនប្រជាពលរដ្ឋផងដែរ។

បងប្អូនប្រជាពលរដ្ឋបានលើកដៃសំពះ សំណូមពរអាជ្ញាធរពាក់ព័ន្ធ ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ កាត់ឃ្វៀលដីពួកគាត់ចេញពីអនុក្រឹត្យពាក់ព័ន្ធនានា ដើម្បីឱ្យពួកគាត់បន្តកាន់កាប់អាស្រ័យផលលើដីស្រែចំការទាំងនោះស្របច្បាប់៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299