នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានអនុញ្ញាតឲ្យ ឯកឧត្តម មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព (ស.ស.យ.ស.ស) ដឹកនាំសមាជិកសមាជិកា ប្រមាណជាង ២០អង្គភាព ដើម្បីចូលជួបសំដែងការគួរសម និងកិច្ចពិភាក្សា ការងារផ្សេងៗ នៅគេហដ្ឋាន Home office ផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ដួង តារា ដែលមានទីតាំងស្ថិតនៅក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
ឱកាសនោះដែរ ឯកឧត្តម នួន នី អនុប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានលើកឡើងពីគោលបំណងនិងទិសដៅរបស់សមាគម ដោយបង្ហាញអំពី ទស្សនៈវិស័យនៃសមាគម និងបានសម្តែងនូវក្តីរំភើបរីករាយ ចំពោះ ឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែន ដែលបានអនុញ្ញាតឱ្យបងប្អូនអ្នកសារព័ត៌មានជាច្រើន ជាសមាជិកសមាជិកានៃសមាគមសម្ព័ន្ធសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ចូលជួបសំដែងការគួរសម និង ផ្តល់កិច្ចពិភាក្សាការងារ ផ្សេងៗ ដោយចែករំលែកបន្ថែមអំពីបទពិសោធការងារក្នុងវិស័យព័ត៌មាន។
ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ដួង តារា បានមានប្រសាសន៍ផ្ដាំផ្ញើរផ្តល់ជាមតិអប់រំដល់បងប្អូនអ្នកសារព័ត៌មាន និងសូមឲ្យបងប្អូនអ្នកសារព័ត៌មានចូលរួមធ្វើការផ្សព្វផ្សាយនៅព័ត៌មានពិត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងជួយបំផុសរាល់អំពើល្អ ចែករំលែកនូវស្នាមញញឹម ត្រូវធ្វើជាអ្នកនាំសារពីថ្នាក់ដឹកនាំទៅប្រជាពលរដ្ឋ ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំ ក្រោមម្លប់សុខសន្តិភាព ហើយត្រូវប្រកាន់ខ្ជាប់នូវពាក្យស្លោករបស់សម្តេចតេជោហ៊ុនសែន «អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត ត្រូវផ្សាយរឿងពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ» ជាពិសេសទៀតនោះ អ្នកសារព័ត៌មានត្រូវរួមគ្នាជួយបន្សាបរាល់ព័ត៌មានក្លែងក្លាយ។
ក្នងបរិយាកាសដ៏ល្អនោះដែរ ក៏មានការចូលរួមពីសំណាក់ លោក ឧកញ៉ា សោម សុខរ៉ាឌី ដោយលោក ឧកញ៉ា បានលើកឡើងអំពីការតស៊ូបទពិសោធការងារ ដែលលោកឧកញ៉ាធ្លាប់ឆ្លងកាត់ និងបានចែករំលែកជាមួយបទពិសោធការងារជាច្រើនដល់បងប្អូនអ្នកសារព័ត៌មាន លោកឧកញ៉ាក៏បានកោដសរសើរផងដែរ ចំពោះគោលបំណងនិងទិសដៅការងាររបស់សមាគម ដែលមានគោលបំណងបើកវគ្គបណ្តុះបណ្តាលបំប៉ន ចំណេះដឹង ដល់បងប្អូនអ្នកសារព័ត៌មាន ដើម្បីឱ្យក្លាយទៅជាធនធានមួយ ក្នុងវិស័យព័ត៌មាន ដែលជាវិស័យមិនអាចខ្វះបាន។
ឆ្លៀតឱកាសនោះដែរ លោកបណ្ឌិត ដួង អក្ខរា អគ្គលេខាធិការរងនៃសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងជាចាងហ្វាងការផ្សាយ S.A TVHD ក៏បានជំនួសមុខឲ្យសមាជិកសមាជិកា សំដែងការគោរពអរគុណយ៉ាងក្រៃលែង ចំពោះ ឯកឧត្តមបណ្ឌិត ដួង តារា និងលោក ឧកញ៉ា សោម សុខរ៉ាឌី ដែលបានផ្តល់បទពិសោធចំណេះដឹងលើវិស័យព័ត៌មានដល់បងប្អូនអ្នកសារព័ត៌មាន។
ចុងបញ្ចប់ ឯកឧត្តមបណ្ឌិត ដួង តារា ក៏បានអញ្ជើញថ្នាក់ដឹកនាំនៃសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ថតរូបទុកជាអនុស្សាវរីយ៍និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកសារព័ត៌មាន ដែលខិតខំប្រឹងប្រែងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយដើរតួជាអ្នកនាំសារពីរាជរដ្ឋាភិបាលទៅប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299