សង្គម

ក្រុមឈ្មួញសម្រុកដាក់គ្រឿងចក្រ កាយដីភ្នំទំព័រ គ្មានច្បាប់អនុញ្ញាត ក្នុងភូមិប្រមោយ របស់លោក ភុន សុខខុន សង្ស័យចៅហ្វាយស្រុកបើកភ្លើងខៀវ?

ពោធិ៍សាត់ ៖ ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋ រស់នៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រាល់ថ្ងៃនេះ ពួកគាត់បានឃើញក្រុមឈ្មួញរកស៊ីលក់អាចម៍ដី ឈ្មោះ ភុន សុខខុន សង្ស័យគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវកំពុងតែសម្រុកកាយដីភ្នំទំព័រ ក្នុងភូមិប្រមោយ ខាងក្រោយឃ្លាំងពោតចាស់ លក់យកលុយដាក់ហោប៉ៅ ដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធសោះឡើយ។

ប្រភពបន្តទៀតថា៖ សកម្មភាពរបស់ក្រុមឈ្មួញកំពុងតែធ្វើឱ្យបាត់បង់សម្បត្តិធម្មជាតិ នឹងបង្កឱ្យមានការប៉ះពាល់បរិស្ថាន យ៉ាងធ្ងន់ធ្ងរនៅក្នុងភូមិឃុំរបស់ពួកគាត់ ស្របពេលដែលក្រុមរថយន្តដឹកដីទាំងនោះ បើកបរក្នុងល្បឿនលឿន បំផ្លាញផ្លូវថ្នល់និងហុយដី ចូលលំនៅឋានរបស់ពួកគាត់បង្កឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ ដែលរស់នៅសងខាងផ្លូវ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ពលរដ្ឋជាច្រើនបានសង្កេតឃើញថា មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានម្នាក់ៗ កំពុងតែសម្ងំស្ងៀម ហាក់បីដូចជាបណ្តែតបណ្ដោយឲ្យឈ្មួញដែលគ្មានគោរពច្បាប់ទំលាប់ទាំងនោះជីកកកាយកូនភ្នំទំព័រ និងដឹកជញ្ជូនអាចម៍ដីយ៉ាងគឃ្លើន តើឲ្យពលរដ្ឋសង្ឃឹមអ្វី?

ពាក់ព័ន្ធនឹងករណីខាងលើ លោកភុន សុខខុន ជាម្ចាស់គ្រឿងចក្រ តើកំពុងធ្វើសកម្មភាពកាយដីកូនភ្នំទំព័រ បានថ្លែងមកកាន់អង្គភាពសារព័ត៌មានពេញចិត្តមេឌា ថាចំពោះច្បាប់អាជីវកម្មរបស់គាត់ គាត់មិនមាននោះទេ គាត់គ្រាន់តែសុំចែកអាចម៍ដី ពីបុគ្គលម្នាក់ឈ្មោះយ៉េនតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងករណីនេះ លោកយ៉េន ក៏បានថ្លែងមកកាន់អង្គភាពសារព័ត៌មានពេញចិត្តមេឌាផងដែរថា «ខ្ញុំគ្រាន់តែជាអ្នកចាំដីឲ្យគេតែប៉ុណ្ណោះ គាត់បានបញ្ជាក់ថា ម្ចាស់ដីបានប្រាប់គាត់ថាដីកូនភ្នំទំព័រនេះ មានប្លង់ត្រឹមត្រូវ ហើយចំពោះកូនភ្នំទំព័រនេះ គាត់ថាមិនមែនជាភ្នំនោះទេ គ្រាន់តែជាដប់មួយតែប៉ុណ្ណោះ មិនមានចុះបញ្ជីក្នុងប្រវត្តិសាស្ត្រនោះទេ ឬក៏ជាដីភ្នំសម្បត្តិរបស់រដ្ឋនោះដែរ»។

ប្រភពបន្តទៀតថា ករណីម្ចាស់គ្រឿងចក្រដែលកំពុងធ្វើសកម្មភាពភាគច្រើនអត់មានច្បាប់ត្រឹមត្រូវទេ ជួនកាលអាជ្ញាប័ណ្ណត្រឹមខេត្ត ប៉ុន្តែជាក់ស្ដែងគេជីកកកាយដីគ្រួសក្រហមតាមជើងភ្នំតាមតែអំពើចិត្ត។ដែលនេះហើយគឺផ្ទុយនឹងច្បាប់ ប៉ុន្តែបើមិនមានការពាក់ព័ន្ធជាមួយមន្ត្រីជំនាញក្នុងស្រុកទាំងនោះទេ គឺគ្មានម្ចាស់រណ្ដៅដីណាមួយ អាចគេចផុតនោះឡើយ។ និយាយរួម គេត្រូវរ៉ូវគ្នាជាចង្កោមតែម្ដង។

ចំពោះករណីខាងលើនេះលោក វង្ស អេង អភិបាលស្រុកវាលវែងបានថ្លែងថា ពាក់ព័ន្ធនឹងដីកូនភ្នំនេះ គឺខាងក្រសួងរ៉ែថាមពល កាត់ឆ្វាលទុកសម្រាប់ជីកយកអាចម៍ដី។ ចំណែកលោកសេងប៊ុនថុល ប្រធានមន្ទីររ៉ែថាមពល ខេត្តពោធិ៍សាត់ បានប្រាប់មកកាន់អង្គភាពសារព័ត៌មានពេញចិត្តមេឌា ថាករណីគ្រឿងចក្រចូលកាយដីកូនភ្នំខាងលើ គឺគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ លោកនឹងបញ្ជាកម្លាំងឲ្យចុះទៅត្រួតពិនិត្យមើល។

ទោះយ៉ាងណាក៏ដោយ ពលរដ្ឋ ហ្នឹងមហាជនស្នើ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ សូមលោកដាក់កម្លាំងចុះពិនិត្យចំពោះក្រុមឈ្មួញទាំងនោះ និង ចេញបទបញ្ជាដល់មន្ត្រីជំនាញពាក់ព័ន្ធក្រោមឪវាទ ចុះបង្ក្រាបទប់ស្កាត់ករណីខាងលើនេះផងទាន៕

ដោយ: ប៊ន សំណាង (ភ្នាក់ងារព័ត៌មាន ប្រចាំខេត្តពោធិ៍សាត់)
ទំនាក់ទំនងការិយាល័យនិពន្ធ:010840732/061881299