សង្គម

អាវុធហត្ថរាជធានីភ្នំពេញ គាំទ្រចក្ខុវិស័យ សាលាដូង លើកំពូលភ្នំគីរីរម្យ ខេត្តកំពង់ស្ពឺ!

ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាចុងសប្តាហ៍ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ អាវុធហត្ថ នាំយកអំណោយ រួមនឹងថវិកា ទៅឧបត្ថម្ភដល់ ប្អូនៗកុមារសិស្សសាលាដូង ដែលមានទីតាំងស្ថិតនៅកំពូលភ្នំគីរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

អំណោយដែលក្រុមការងារ ផ្ដល់ជូនទៅដល់ សាលាដូង រួមមាន៖ ទឹកដោះគោចំនួន២៦កេស, នំកញ្ចប់ ចំនួន០៧កេស, ចង្ក្រានហ្គាសចំនួន០៥, ឆ្នាំងដាំបាយអគ្គីសនីចំនួន០២ រួមនឹងថវិកាចំនួន ១លានរៀល ផងដែរ។

សាលារៀននេះត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយលោក អ៊ុក វ៉ាន់ដេ ដែលមនុស្សទូទៅបានស្គាល់លោកថាជា អ្នកចម្បាំងសំរាម ដែលមានន័យថា “ការយកសំរាមមកកែច្នៃឱ្យក្លាយទៅរបស់មានតម្លៃ និងមានប្រយោជន៍” ដូចជា៖ ដបប្លាស្ទិក ដបស្រាបៀរ បំពង់បឺតគម្របដបទឹកសុទ្ធ កង់ឡាន ធុងហ្គាសឡាន និងសំណល់ផ្សេងៗទៀត ត្រូវបានយកមកកែច្នៃបង្កើតជាបន្ទប់សិក្សា រូបលម្អ និមិត្តសញ្ញា និងវត្ថុអនុស្សាវរីយ៍ជាច្រើន។

ប្អូនៗកុមារសិស្សសាលាដូងនេះមានពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ កំពុងទទួលបានការអប់រំ និងបញ្ជ្រាបការយល់ដឹងទាក់ទងនឹងសំរាម ដែលអាចប្រើប្រាស់ឡើងវិញបាន ក្នុងគោលបំណងកាត់បន្ថយប្លាស្ទិកនៅថ្ងៃអនាគត។

រីឯដំណើរនាំយកអំណោយរបស់អាវុធហត្ថរាជធានីភ្នំពេញ ទៅកាន់សាលាដូង លើកំពូលភ្នំគីរីរម្យ ខេត្តកំពង់ស្ពឺនាពេលនេះ គឺដើម្បី គាំទ្រនូវទស្សនៈវិស័យរបស់សាលាដូង និងបង្ហាញពីក្តីស្រឡាញ់ ចំពោះវិស័យអប់រំ ដែលជាដង្ហើមនៃការចេះដឹងរបស់កុមារ រស់នៅលើភ្នំគីរីរម្យនេះផងដែរ៕