សង្គម

ចិន​ផ្អាក​ការផ្តល់​ទិដ្ឋា​ការដល់ប្រ​ជា​ជនកូ​រ៉េ​ខាងត្បូង​ជាការ​សងសឹក​វិធានការ​ទប់​ស្កាត់​កូវី​ដ​ទៅ​ពី​ចិន​

កាលពី​ថ្ងៃ​អង្គារ ប្រទេស​ចិន​បានសម្រេច​​ផ្អាក​ការផ្តល់​ទិដ្ឋាការ​ដល់​ជនជាតិ​កូរ៉េ​ខាងត្បូង​ដែល​ចូល​មក​កាន់​ប្រទេស​ខ្លួន​សំរាប់​គោលដៅ​ទេសចរណ៍​ឬ​ធុរកិច្ច​ដោយ​ទំនង​ជា​ការសង​​សឹក​ចំពោះ​ការ​តំរូវអោយ​អ្នក​ដំណើរ​ទៅ​ពី​ចិន​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩​ជាមុន​មុននឹង​ទៅដល់​កូរ៉េខាងត្បូង​។​

​លិខិត​ជូនដំណឹង​ខ្លី​មួយ​បង្ហោះ​ក្នុង​គេហទំព័រ​ស្ថានទូត​ចិន​នៅ​ក្រុង​សេ​អ៊ូ​លបាន​និយាយថា បំរាម​នឹង​អនុវត្ត​រហូត​ទាល់តែ​កូរ៉េខាងត្បូង​ដកចេញ​វិធានការ​រើ​ង​អើ​ង​របស់​ខ្លួន​ចំពោះ​អ្នក​ដំណើរ​ទៅ​ពី​ចិន​។​​លិខិត​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ ទោះជា​យ៉ាងណា​ចិនធ្លាប់​បាន​គំរាម​សងសឹក​លើ​ប្រទេស​ណា​ដែល​ទាមទារ​អោយ​អ្នក​ដំណើរ​ទៅ​ពី​ចិន​បង្ហាញ​ឯកសារ​បញ្ជាក់​ថា​បាន​ធ្វើតេស្តិ៍​អវិជ្ជ​មាន​កូវី​ដ​១៩​ក្នុង​រយៈពេល​៤៨​ម៉ោង​មុន​ទៅ​ដល់​ប្រទេស​របស់​គេ​។​

​ចិន​ក៏​ទាមទារ​ចាត់វិធានការ​ដូច​គ្នាច​ពោះ​អ្នកដំណើរ​ចូល​ប្រទេស​ខ្លួន​។​សូមបញ្ជាក់ថា ប្រទេស​ជាង​ដប់​បាន​ធ្វើតាម​អាម៉េរិក​ក្នុង​ការទាមទារ​រកភស្តុ​ង​បញ្ជាក់ថា​បាន​ធ្វើតេស្តិ៍​អវិជ្ជ​មាន​កូវី​ដ​១៩​សំរាប់​អ្នកដំណើរ​ទៅ​ពី​ចិន​។​

​អង្គការ​សុខភាព​ពិភពលោក​និង​ប្រទេស​ជាច្រើន​បាន​ចោទប្រកាន់​ចិន​ថា​បិទ​ខ្ទប់​ទិន្នន័យ​ពិត​អំពី​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩ជាហេតុនាំអោយប្រទេសជាច្រើនមានការព្រួយបារម្ភខ្លាចអ្នកដំណើរនាំកូវីដទៅពីចិនចូលប្រទេសផងគេ​។​ពួកគេនិយាយថា ការ​តំរូវ​អោយ​ធ្វើតេស្តិ៍​មុន​ចេញដំណើរ​នេះ​មាន​បំណង​កត់សំគាល់​វីរុស​បំ​ប្លែងខ្លួន​​ណាមួយ​ដែល​អាច​កើតមាន​នៅ​លើ​អ្នកដំណើរ​។​

តែ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អូស្ត្រាលី​បាន​និយាយថា ចម្លើយ​តប​របស់​ប្រទេស​ទាំង​នោះ​ចំពោះ​ការផ្ទុះកូ​វីដ​១៩​នៅ​ចិន មិន​សមស្រប​ឬ​«​មិន​បែប​ស្ថាបនា​»​ទេ​។​លោក​ស៊ា​វ គៀន​(Xiao Qian)​បាន​ប្រាប់​អ្នក​​យក​ព័ត៌មាន​នៅ​ក្រុង​កង់​បេរ៉ា​ថា ចិន​បាន​ដូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ក្នុង​ការគ្រប់គ្រង​កូវី​ដ​១៩កាលពី​ចុងឆ្នាំ​មុន​ពី​ការបង្ការ​ការឆ្លង​មក​ជា​ការបង្ការ​ការធ្លាក់ខ្លួនឈឺធ្ងន់​។​លោក​ថា ប្រទេស​នានា​គួរប្រើ​ចម្លើយ​តប​ដោយ​​ផ្អែក​លើ​វិទ្យាសាស្ត្រ​។​

លោក​ឯកអគ្គរដ្ឋទូត​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​« ការ​រឹតត្បិត​ការចូល បើ​គេ​ផ្តោត​លើ​ចិន ខ្ញុំគិតថាវា​មិន​ចាំបាច់​សោះ​។​បើ​អ្នក​សម្លឹងមើល​ប្រទេស​ផ្សេង​ទៀត​នៅក្នុង​លោក​និង​គោលនយោបាយ​របស់​គេ​​ចំពោះ​ចិន ខ្ញុំ​ចង់​និយាយ​ថា​វិធានការ​បែប​ទទួលខុសត្រូវ​របស់​គេ​ចំពោះ​ចិន មិន​ស្ថាបនា​​ មិន​ផ្អែក​លើ​វិទ្យាសាស្ត្រ មិន​សមស្រប​»​ទេ៕