សង្គម

បាក់ទំនប់ទឹកស្អាតទី២ នៅក្បាលឆាយ ដែលបណ្តាលឱ្យធ្លាយទឹកអស់ជាង ៣លានម៉ែត្រគូប

កាលពីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ​២០២៣ ទំនប់ទឹកស្អាតទី២ នៅក្បាលឆាយ ដែលជាប្រភពផ្គត់ផ្គង់ទឹកសាបសម្រាប់ក្រុងព្រះសីហនុបានបាក់បណ្តាលឱ្យធ្លាយទឹកអស់ជាង ៣លានម៉ែត្រគូប បំផ្លាញក្បាលបូមមួយកន្លែង សម្រាប់នាំទឹកទៅស្ថានីយទី៣បណ្ដាលឱ្យផ្អាកដំណើរការ ធ្វើឱ្យការផ្គត់ផ្គង់ទឹកនៅក្រុងព្រះសីហនុមានការខ្វះខាត។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ថានីយចម្រោះទឹកស្អាតនៅទំនប់ទី២ អាចផ្គត់ផ្គង់ទឹកស្អាតបាន៣លានម៉ែត្រគូប។ ប៉ុន្តែ​ដោយ​សារការបាក់ទំនប់ទី៣នេះ ក៏បានធ្វើឱ្យគាំងម៉ាស៉ីន១គ្រឿងក្នុងចំណោម២គ្រឿង មិនអាចដំណើរកា​រទៅ​បានដោយ​សារតែ កន្លែងទំនប់ទី២បានបាក់ ហើយក៏បាក់ទាំងម៉ាស៉ីនបូមទឹកនៅទីនោះ ដែលសម្រាប់ផ្គត់ផ្គង់ឱ្យទៅស្ថានីយទី៣ ដូច្នេះ​ទើប​ធ្វើឱ្យស្ថានីយចម្រោះទឹកទី៣ គាំងលែងដំណើរការតែម្ដងដែលមុននេះស្ថានីយទាំង២នេះ គឺដំណើរការទាំង២​សម្រាប់ប្រើ​​ប្រាស់នៅក្នុងទីក្រុង។

ឯកឧត្តម បន្តថា តាមធម្មតា មានម៉ាស៉ីន២ដែលត្រូវដំណើរការរៀងរាល់ថ្ងៃ តែដោយសារមានបញ្ហានេះទៅ ក៏សល់តែ​​ម៉ា​ស៉ីន១គ្រឿងប៉ុណ្ណោះ ដែលកំពុងដំណើរការចម្រោះទឹកកខ្វក់នោះ។ ទោះបីមិនគ្រប់គ្រាន់ តែក៏មិនអត់សោះដែរ។ ជា​មួយ​គ្នានេះដែរ លោកបានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋក្នុងខេត្ត ខណៈអាជ្ញាធរ និងក្រុមហ៊ុន​ក៏កំពុងដុតដៃដុត​ជើង​រក​វិធីជួសជុលដើម្បីដំណើរការឡើងវិញឱ្យបានឆាប់។

យោងតាមមន្ត្រីរដ្ឋាករទឹកខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនេះ គឺក្រុមហ៊ុនអានកូ វតធើ ស័បផ្លាយ គឺជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅក្រុងព្រះសីហនុ និងមួយផ្នែកនៅស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ក្នុងបរិមាណពី​៧៤​​០០០ទៅ៨០០០០ម៉ែត្រគូប។ ការផលិតទឹកស្អាតនេះគឺនៅសង្កាត់ក្បាលឆាយ សង្កាត់១ ក្រុងព្រះសីហនុ។ ការផលិត​មានស្ថានីយចំនួន៣។

ការផលិតនៅស្ថានីយទី២នេះ គឺបានតែពាក់កណ្ដាលនៃការផ្គត់ផ្គង់នោះទេ ដូចស្ថានីយផ្សេងគឺ​នៅអាចផ្គត់ផ្គង់​ពាក់ក​ណ្ដាល​ទៀត៕