ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋប្រមាណជាង ៦០០០នាក់ បានអញ្ជើញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា (០៧ មករា ១៩៧៩ – ០៧ មករា ២០២៣) ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។
ការប្រារព្ធខួបអនុស្សាវរីយ៍នេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរ- យុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា អ្នកស្នេហាជាតិទាំងឡាយ និងវីរយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ រហូតពលិកម្មអាយុជីវិតក្នុងការប្រយុទ្ធ ដើម្បីផ្ដួលរំលំ របបប្រល័យពូជសាសន៍ រំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរណ្តៅមរណៈនៃរបបដ៏យង់ឃ្នងនេះ។ ក្នុងគ្រាដ៏មហា លំបាកបានរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យ ជម្នះ នាថ្ងៃ៧ មករា ១៩៧៩ ហើយបន្តជាងខ្ពស់ស្មារតីស្នេហាជាតិ ការបង្រួបបង្រួមជាតិ និង សាមគ្គីភាព ជួយឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនគ្រប់យ៉ាងដូចសព្វថ្ងៃនេះ ។
សមិទ្ធផលធំៗថ្មីទៀតលើគ្រប់វិស័យ បន្ទាប់ពីបានងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិជំងឺកូវីដ-១៩ ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ជាមួយនឹងការលេចត្រដែតឡើងនូវកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។
ប្រជាពលរដ្ឋក្នុងខេត្តកណ្តាលទាំងមូល កំពុងតែរស់នៅប្រកបដោយសេចក្តីសុខចម្រើន វិបុលភាព និងសុភមង្គល ក្រោមមនុញ្ញផលនៃសន្តិភាព និងការអភិវឌ្ឍន៍។ ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ស្ថិតក្នុងបរិយាកាសសុខសុវត្ថិភាព ៕