សង្គម

ក្រុមការងារចុះមូលដ្ឋានឃុំវាលម្លូរទទួលបន្ទុកលើយុវជននាំយកបច្ច័យទេយ្យទានរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមសម្តែងនូវក្តីទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយសម្ដេចព្រះពោធិវ័ង្ស អំ លីមហេង

កណ្តាល៖ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ ក្រុមការងារចុះមូលដ្ឋានឃុំវាលម្លូរទទួលបន្ទុកលើយុវជន នៃស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ ញោមបង្កើតរបស់សម្តេចព្រះពោធិវ័ង្ស អំ លីមហេង ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៨:៣៨នាទីព្រឹក ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។

ក្នុងនាមក្រុមការងារក៏បាននាំយកបច្ច័យទេយ្យទានចំនួន៥០០ដុល្លារអាមេរិករបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីចូលរួមសម្តែងនូវក្តីទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយសម្តេចព្រះពោធិវ័ង្ស ព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់ញោមបង្កើត ឪពុកបង្កើត ជីតា ជីតាទួតជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងមិនចេះរីងស្ងួត។ ទោះបីរូបកាយរបស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

គួរជម្រាបជូនថា ពិធីបុណ្យសពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ បានប្រារព្ធធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា នៅសាលាបុណ្យ ស្ថិតនៅភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299