(សៀមរាប) ៖ រដ្ឋបាលខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ជាមួយក្រុមការងាររបស់អង្គការ CDIA កាលពីពេលថ្មីៗនេះ បានរួមគ្នាសិក្សា លើលទ្ធភាពបង្កើតគម្រោងរថយន្តក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមាន លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងលោកស្រី Kath Leen អ្នកគ្រប់គ្រងគម្រោងនៃអង្គការ CDIA និងអ្នកជំនាញពាក់ព័ន្ធ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។ ជាលទ្ធផល ក្រោមកិច្ចពិភាក្សានេះ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក៏បានសហការជាមួយអង្គការ CDIA ក្នុងការអនុវត្តគម្រោងសិក្សាពេញលេញលើលទ្ធភាពរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ រថយន្តក្រុងអគ្គិសនី ក្នុងខេត្តសៀមរាប ក្នុងគោលបំណងបង្កើតប្រព័ន្ធដឹកជញ្ជូនសាធារណៈឆ្លាតវៃ និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន CO2 ទាបនៅក្នុងទីក្រុងសៀមរាបផងដែរ។
បើតាមរយបាយការណ៍របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២២នេះ កំណើនការចុះបញ្ជីយានយន្តអគ្គិសនីនៅកម្ពុជា គឺមានការកើនឡើងជាង១១ដង បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលនេះបង្ហាញឱ្យឃើញពីការយល់ដឹង និងការចូលរួមប្រើប្រាស់យានយន្តអគ្គិសនីគួរឱ្យកត់សម្គាល់នៅកម្ពុជា៕