ភ្នំពេញ៖ ផ្អើលពាសពេញបណ្ដាញសង្គមហ្វេសថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ ខណៈមន្ត្រីនគរបាលម្នាក់មានឋានៈរហូតដល់ទៅអធិការរងខណ្ឌច្បារអំពៅម្នាក់បានកំពុងស្រែកហៅនិងទាមទាររកយុត្តិធម៌ ក្រោយពីជនសង្ស័យដែលបានវាយរូបលោកបណ្តាលឱ្យបែកក្បាល និងបែកមាត់ ត្រូវបានមេកើយរបស់ខ្លួនដោះលែងឲ្យរួចខ្លួន។
តាមប្រភពដែលបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា ទទួលបាននៅថ្ងៃទី១០ ខែធ្នូនេះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហេង សុវណ្ណដារ៉ា ជាអធិការរងខណ្ឌច្បារអំពៅត្រូវគេវាយបែកក្បាលនិងមាត់ក្នុងជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍។
បើតាមគណនីហ្វេសប៊ុក លោក ហេង សុវណ្ណដារ៉ា អធិការរងខណ្ឌច្បារអំពៅបានបញ្ជាក់ថា «យុត្តិធម៌ ឯណាទៅយុត្តិធម៌ បើខ្ញុំជានគរបាលមានឋានៈជាអធិការងនៅខណ្ឌច្បារអំពៅ ហើយត្រូវគេវាយបែកក្បាលបែកមាត់ ហើយនគរបាលប៉ុស្តិ៍នាំជនបង្កយកទៅដល់ប៉ុស្តិ៍និរោធដាក់ពាក្យប្តឹង ហើយបញ្ជូនជនបង្កទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។ បែរជាអធិការដ្ឋាននគរបាលអនុញ្ញាតឱ្យជនបង្កទៅផ្ទះមានសេរីភាពដោយមិនប្រាប់ខ្ញុំមួយម៉ាត់ នេះអង្កភាពខ្លួនឯងផ្ទាល់ផង»។
លោក ហេង សុវណ្ណដារ៉ា បានឲ្យដឹងបន្តថា កាលពីរសៀលម៉ោង៤និង៣០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ លោកបានជិះម៉ូតូទៅយកកូនចេញពីសាលារៀន ដោយធ្វើដំណើរតាមផ្លូវក៏ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងរថយន្ដ ក៏ឃើញថា មានការប្រកែកគ្នារវាងភាគីម្ចាស់ម៉ូតូ និងម្ចាស់រថយន្ត ពេលនោះលោកក៏បានចុះណែនាំក្នុងនាមជាអាជ្ញាធរសមត្ថកិច្ចម្នាក់ តែបែរជាជនបង្កដែលជាម្ចាស់ម៉ូតូបែរជាហក់មកវាយគាត់ឡើងចាស់ដៃបណ្ដាលឲ្យលោកបែកក្បាលបែកមាត់តែម្ដង។ លោកបន្តទៀតថា ក្នុងនាមលោកជាកងកម្លាំងមានសមត្ថកិច្ចមិនបានតដៃអ្វីនោះឡើយ លោកទុក្ខធ្វើតាមច្បាប់ តែផ្ទុយទៅវិញបែរជាលោកអធិការខណ្ណច្បារអំពៅ មិនត្រឹមតែមិនបានការពារកូនចៅរបស់ខ្លួនទេ តែបែរជាបញ្ជាឲ្យដោះលែងជនសង្ស័យទៅវិញ។នេះសបញ្ជាក់ថា ក្លិនអាសោចជាប្រព័ន្ធនៅក្នុងអធិការខណ្ឌច្បារអំពៅធ្វើឲ្យប្រជាជនក្នុងមូលដ្ឋានគ្មានជំនឿទុក្ខចិត្តនិងអស់សង្ឃឹមជាខ្លាំង។
តាមប្រភពផ្សេងទៀតបានឲ្យដឹងទៀតថា ច្រើនករណីរួចមកហើយ ឥឡូវដល់ថ្នាក់បងអធិការងរខណ្ឌ ក៏ត្រូវរងអយុត្តិធម៌ក្នុងរឿងហ្នឹង បន្តទៀត ពេលណាទើបលាងសម្អាតក្បាលម៉ាស៊ីននៅខាងអធិការខណ្ឌច្បារអំពៅបាន?
ដោយមើលឃើញពីភាពមិនប្រក្រតីនិងអយុត្តិធម៌ មេមិនការពារកូនចៅ បែរជាដោះលែងជនបង្កហិង្សាខាងលើនេះ ប្រជាពលរដ្ឋមានការហួសចិត្ត និងបានស្នើសុំដល់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលតែងតែយកចិត្តទុក្ខស្រលាញ់ដល់កូនចៅ សូមជួយផ្ដល់ភាពយុត្តិធម្មដល់លោកអធិការរងម្នាក់នេះ ដោយអនុគ្រោះផង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299