ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានចេញសេចក្តីសម្រេច បិទមន្ទីរសំរាកព្យាបាល «ដើមអង្គ្រង» ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា បិទ និងដកហូតលិខិតអនុញ្ញាតឲ្យបើកមន្ទីរសម្រាកព្យាបាល ឯកជនឈ្មោះ ដើមអង្គ្រង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្តី ជាអ្នកទទួលខុសត្រូវ ដោយមូលហេតុប្រើប្រាស់បុគ្គលិកផ្សេង គ្មានការបណ្តុះបណ្តាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និងប្តូរទីតាំងដោយគ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល។
ដោយឡែកចំពោះអ្នកទទួលខុសត្រូវ និងម្ចាស់មន្ទីរសំរាកព្យាបាល ដើមអង្គ្រង និង អ្នកដែលបានប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ខុសបច្ចេកទេស ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
សូមបញ្ជាក់ថា ការបិទមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រងនេះ ធ្វើឡើងបន្ទាប់ពីការធ្វេសប្រហែស ដោយបានធ្វើការរំលូតគភ៌ដល់ស្ដ្រីម្នាក់ ដែលទារកស្លាប់ក្នុងផ្ទៃមានអាយុ១៨សប្ដាហ៍ បណ្ដាលឱ្យមានស្ថានភាពធ្ងន់ធ្ងរដល់ជីវិត៕