ក្នុងរយៈពេល១១ខែឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង១០លាននាក់ ដែលបានដើរកម្សាន្តក្នុងទូទាំងប្រទេស។ តាមការប៉ាន់ស្មាន អាចមានទេសចរផ្ទៃក្នុងជិត១១លាននាក់ នៅក្នុងឆ្នាំ២០២២នេះ។
ដោយឡែកចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប ៥៥៤,០៦២នាក់ ក្នុងនោះភ្ញៀវជាតិ ៥១៥,៤០៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៨,៦៥៣នាក់។ តួលេខនេះមានកំណើន ៤៩.៩៨% ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះខេត្តកំពង់ឆ្នាំង ភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តកំពង់ឆ្នាំង ២០៩,៦៨០នាក់, ខេត្តព្រះសីហនុ ១៤៦,៤៣៩នាក់, ខេត្តសៀមរាប ៤៥,៥៥៦នាក់, រាជធានីភ្នំពេញ ២៩,០៨៧នាក់, ខេត្តកំពត ២២,២៤២នាក់, ខេត្តបាត់ដំបង ១៥,៣១៥នាក់, ខេត្តកែប ១៥,១៨៣នាក់, ខេត្តកំពង់ចាម ១១,៥១៣នាក់។
ចំពោះមូលហេតុដែលខេត្តកំពង់ឆ្នាំងមាន ភ្ញៀវច្រើនជាងគេនាសប្តាហ៍កន្លងមក ដោយសាររដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប តាំងពិពណ៌និងបាញ់កាំជ្រួច កាលពីថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២២ ដោយបានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋប្រមាណ២០ម៉ឺននាក់ឱ្យមកកម្សាន្តផងដែរ ខណៈដែលខេត្តព្រះសីហនុនៅតែបន្តទទួលបានភ្ញៀវទេសចរច្រើនជាង១៤ម៉ឺននាក់ នាសប្តាហ៍កន្លងមក៕