បើតាមក្រសួងអប់រំបានឲ្យដឹងថា នៅថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប កាលពីម្សិលមិញ មានបេក្ខជន អវត្តមានចំនួន ២ ៣៤០នាក់ ស្រី១ ០២៨នាក់ មានបញ្ហា សុខភាព៣១នាក់ ដែលក្នុងនោះមានគ្រោះថ្នាក់ចរាចរណ៍ កម្រិតស្រាល ២ករណី និងម្នាក់សង្ស័យវិជ្ជមានជំងឺកូវីដ-១៩។
បេក្ខជនដែលមានបញ្ហាសុភាពមួយចំនួនបានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ ពីមានអាការៈធូរស្រាល។ ដោយឡែក បេក្ខជនពីរនាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយក្នុងនោះមួយនាក់បានត្រឡប់មកប្រឡងវិញ ក្រោយទទួលបានការព្យាបាល។ក្នុង នោះ អនុរក្សចំនួន១នាក់ មានបញ្ហាសុខភាព ប៉ុន្ដែអាចបន្តការងាររហូតដល់បញ្ចប់ការប្រឡងថ្ងៃទី១។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ (ស្រី៦៨ ៧៧១នាក់ ) មាន២២១មណ្ឌល ដែលត្រូវជា៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០ នាក់ ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២ ៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២ ៧០០នាក់៕