សង្គម

លោក ទេស វិបុល និងភរិយា បងប្អូន ធ្វើបុណ្យផ្កាសាមគ្គី ប្រមូលបច្ច័យកសាងតូបវិបស្សនា និង ប្រគល់ផ្ទះ១ខ្នងជូនអ្នកម្តាយបង្កើត

លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងភរិយា បងប្អូនបង្កើត និងថ្នាក់ដឹកនាំសមាគម បានធ្វើបុណ្យផ្កាសាមគ្គី ប្រមូលបច្ច័យកសាងតូបវិបស្សនា១ មានតម្លៃ$1,798 ដើម្បីជូនយាយតាជី សម្រាប់ស្នាក់នៅបដិបត្តិព្រះធម៌ ស្ថិតនៅមណ្ឌលវិបស្សនាធុរៈវត្តតាគាត់មង្គល ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២។

ក្នុងពេលព្រឹក បន្ទាប់ពីនិមន្តព្រះសង្ឃនមស្ការព្រះរតនត្រ័យ និងសមាទានសីល ព្រមទាំងវេរភត្តាហារប្រគេនដល់ព្រះសង្ឃ លោក ទេស វិបុល និងក្រុមគ្រួសារ បានជូនគ្រឿងបរិភោគ ថវិកា និងប្រគល់ផ្ទះ១ខ្នងដែលទើបសង់រួច ជូនអ្នកម្តាយជាទីស្រឡាញ់ឈ្មោះ ស៊ឹម រឺម។

នៅពេលរសៀល លោក ទេស វិបុល និងសហការី បានចុះពិនិត្យតូបវិបស្សនាដែលកំពុងបង្ហើយការសាងសង់សរុប១៦តូប នៅមណ្ឌលវិបស្សនាធុរៈវត្តតាគាត់មង្គល ឃុំជ័យធំ និងប្រគល់ថវិកាជាកិច្ចបង្ហើយបុណ្យ៕