សង្គម

លោកម៉ុន មាគ៌ា ថាកាស៊ីណូ ចក្រវាល ជាយដែន មានច្បាប់ត្រឹមត្រូវ ខណៈកាស៊ីណូនេះ បើកដៃឱ្យពលរដ្ឋខ្មែរ ចូលលេងល្បែងសុីសងដោយសេរី ល្មើសនិងបម្រាមរាជរដ្ឋាភិបាល!!!

ត្បូងឃ្មុំ : ទោះបីជាយ៉ាងកាលពីពេលថ្មីៗមកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល ចេញបញ្ជាឱ្យកម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេសត្រូវបង្ក្រាបរាល់បទល្មើសរាល់ល្បែងស៊ីខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជាក្តី ក៏ម្ចាស់កាស៊ីណូ ចក្រវាល ជាយដែន ដែលមានទីតាំងនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបើកឱ្យពលរដ្ឋខ្មែរចូលលេងល្បែងជល់មាន់ អាប៉ោង និងយូគី ខុសច្បាប់ យ៉ាងគគ្រឹកគ្រេងដោយគ្មានការទប់ស្កាត់ និងបង្ក្រាប ពីសំណាក់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានហាក់ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ដូចត្រូវថ្នាំសណ្តំ។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានខ្សឹបឱ្យដឹងថា កាស៊ីណូ ចក្រវាល ជាយដែន បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ដោយមានថ្ងៃគូពិសេស គឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ដែលភ្នាល់ដាក់ដើមរាប់ពាន់ដុល្លារ រហូតដល់រាប់ម៊ឺនដុល្លារក្នុងមួយគូរៗថែមទៀតផង។

ប្រភពដដែលឱ្យដឹងទៀតថាមេការនៅទីនេះបានអួតក្អេងក្អាងថា វង់ល្បែងជល់មាន់របស់ខ្លួនដែលមានទីតាំងខាងលើមានសុវត្ថិភាពខ្លាំងណាស់ គ្មានសមត្ថកិច្ចណាហ៊ានធ្វើការបង្ក្រាបឡើយ បើទោះបីជារាជរដ្ឋាភិបាលកំពុងដាក់បទបញ្ជាឱ្យបង្ក្រាបល្បែងខុសច្បាប់ និងមានច្បាប់នៅទូទាំងប្រទេសក៏ដោយ ព្រោះមានមន្រ្តីក្រសួងមហាផ្ទៃដ៏មានអំណាចម្នាក់ ជាអ្នកចាំកាងចាំការពារ ដែលសូម្បីតែលោកស្នងការខេត្តត្បូងឃ្មុំក៏មិនហ៊ានចេញមុខបង្រ្កាបដែរ និយាយអ្វីឋានៈត្រឹមលោកអធិការមូលដ្ឋានស្រុកពញាក្រែកនោះ?

ប្រភពដដែលឲ្យដឹងបន្ថែមទៀតថា សង្វៀនជល់មាន់ អាប៉ោង និងយូគីនៅក្នុងកាស៊ីណូខាងលើនេះ មានជនជាតិវៀតណាមចូលលេងភ្នាល់ប្រហែល១៥ទៅ២០ភាគរយក្រៅពីនោះសុទ្ធតែជាជនជាតិខ្មែរទាំងអស់ ហើយក្នុងមួយថ្ងៃៗសកម្មភាពជល់មាន់គឺមិនតិចជាង៣០គូរ ដែលធ្វើឲ្យម្ចាស់កាស៊ីណូនេះ។ ប្រមូលតុងពីសង្វៀនជល់មាន់ បៀរ អាប៉ោង បានមិនតិចជាង១ម៉ឺនដុល្លារ ហើយថ្ងៃគូរពិសេស គឺគេប្រមូលតុងមិនតិចជាង២ទៅ៣ម៉ឺនដុល្លារនោះទេ។

ពលរដ្ឋក្នុងឃុំកក់ រិះគន់ថា ការដែលការស៊ីណូ ចក្រវាលជាយដែន បើកឱ្យពលរដ្ឋខ្មែរ ចូលលេងល្បែងជល់មាន់ អាប៉ោង និងយូគី ដូចគេហែរកឋិនទានចឹង ទាំងដឹងថាខុសច្បាប់ក៏ដោយ ហើយការបើកលេងល្បែងនៅកាស៊ីណូ ខាងលើនះ ទំនងជាមានការបិទភ្នែក បិទត្រចៀក ពីសំណាក់ រដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីចែកប្រយោជន៍គ្នាក៍ថាបាន ទើបអាជ្ញាធរពាក់ព័ន្ធមិនធ្វើការបង្ក្រាប តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែនបែបនេះទៅវិញ ។

លោកម៉ុន មាគ៌ា ស្នងការខេត្តត្បូងឃ្មុំ បានថ្លែងមកកាន់អង្គភាពសារព័ត៌មាន ពេញចិត្តមេឌា នៅព្រឹកថ្ងែអាទិត្យទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ពាក់ព័ន្ធនឹងបនល្បែងជ្រកក្រោមស្លាកកាស៊ីណូ ចក្រវាល ជាយដែននេះ លោកថាគេមានច្បាប់ត្រឹមត្រូវ
ហ្នឹងរុញឱ្យខាងសារព័ត៌មានយើង បើចង់ដឹងរឿងច្បាស់ សុំសួរទៅអ្នកនាំពាក្យ របស់ស្នងការដ្ឋាននៃស្នងការនគរបាលខេត្តត្បូងឃ្មុំ និងនាយករដ្ឋបាលខេត្តត្បូងឃ្មុំទៅ។

ជាមួយគ្នានេះដែរមហាជននិងពលរដ្ឋរស់នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ស្នើរលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកម៉ុន មាគ៌ា ស្នងការខេត្ត មេត្តាបើកការស្រាវជ្រាវ ទប់ស្កាត់ ចុះបេីកការសេុីបអង្កេត បេីរកឃេីញថា កាសុីណូ១នេះប្រព្រឹត្តខុសនិងច្បាប់ សូមមានវិធានការតាមច្បាប់ផងទាន ជាពិសេសខាង អគ្គនាយកដ្ឋាន ល្បែងនឹង ពាណិជ្ជកម្ម មេត្តាចាត់មន្ត្រីក្រោមឱវាទមកតាមដាននឹងសេុីបអង្កេត ថាតេីកាសុីណូ១នេះបេីកលេងបែបនេះពិតជាត្រូវតាមច្បាប់រឺក៏ខុសច្បាប់៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299