ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីការដាក់ឲ្យដំណើរការជាផ្លូវការ «កម្មវិធីភាពជាដៃគូ» របស់ក្រុមហ៊ុន YouTube។
សេចក្ដីប្រកាសព័ត៌មាននេះ បានឲ្យឹដងថា បន្ទាប់ពីផ្អាកការផ្ដល់សេវារកចំណូល (Monetization) លើថ្នាលវីដេអូ YouTube នៅប្រទេសកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទាក់ទង និងសហការជាមួយតំណាង YouTube ដើម្បីស្វែងរក ដំណោះស្រាយបញ្ហានេះ ជូនអ្នកផលិតមាតិកា YouTube របស់យើង ។
ជាលទ្ធផល ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ នេះតទៅ ក្រុមហ៊ុន YouTube បានដាក់ឲ្យ ដំណើរការផ្លូវការ «កម្មវិធីភាពជាដៃគូ» (YouTube Partner Program) នៅកម្ពុជា ដែលអនុញ្ញាតឲ្យអ្នកផលិតមាតិកា YouTube កម្ពុជាអាចរកចំណូលបាន ព្រមទាំងឱកាសចូលទៅប្រើប្រាស់ មុខងារសំខាន់ៗ និងធនធានជាច្រើនរបស់ YouTube ផងដែរ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបន្តសហការជាមួយក្រុមហ៊ុន YouTube និងក្រុមហ៊ុននានា ដែលមានថ្នាលវីដេអូ នៅលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីរៀបចំកម្មវិធីបណ្ដុះ បណ្ដាល ដល់អ្នកផលិតមាតិកា ដូចដែលបានធ្វើកន្លងមក សំដៅពង្រឹងសមត្ថភាព ក្នុងការផលិតមាតិកាល្អៗ គោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគំនិតច្នៃប្រឌិត ផ្ដល់អត្ថប្រយោជន៍ និងពុទ្ធិ ដល់សាធារណជន ដូចជាការអប់រំ កម្សាន្ដ បច្ចេកវិទ្យាឌីជីថល ធុរកិច្ច និងនវានុវត្តន៍ ជាដើម ដែលទាំងនេះ ជាផ្នែកមួយជួយជំរុញ ដល់បរិវត្តកម្មសេដ្ឋកិច្ច និងសង្គមឌីជីថល នៅកម្ពុជា។
ទន្ទឹមនឹងនេះ ដើម្បីជំរុញការអប់រំឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមលើកទឹកចិត្ត ដល់អ្នកផលិតមាតិកាទាំងអស់ ចូលរួមកម្មវិធីប្រកួតប្រជែង ផលិតមាតិកាវីដេអូ «កម្ពុជាឆ្ពោះទៅឌីជីថល» (Go Digital Cambodia) ដែលអាចស្វែងរកព័ត៌មានលម្អិត តាមគេហទំព័រ www.godigital.gov.kh៕