ភ្នំពេញ ៖ មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយសារសម្ពាធទាបតូចៗកើតមានបន្តបន្ទាប់នៅក្នុងសមុទ្រចិនខាងត្បូង និងនៅក្នុងឈូងសមុទ្រថៃ ហើយអាចនឹងមានវិសម្ពាធ ឬកូនព្យុះកើតមាននៅក្នុងសមុទ្រចិនខាងត្បូង ដើរមកឆ្នេររបស់ប្រទេសវៀតណាមខាងត្បូង បង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយថែមទៀតនៅដើមខែធ្នូ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានមានប្រសាសន៍ថា ពីពេលនេះដល់ ដំណាច់ខែវិច្ឆិកាភ្លៀងនៅតែបន្តមានធ្លាក់រាយប៉ាយស្ទើររាល់ថ្ងៃ ជាពិសេសចាប់ពីត្រឹមខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំងចុះក្រោម (ត្បូង) រហូតដល់តំបន់មាត់សមុទ្រដោយសារ សារសម្ពាធទាបតូចៗបានឆ្លងពីសមុទ្រប៉ាស៊ីហ្វិកចូលមកក្នុងសមុទ្រចិនខាងត្បូង និងនៅក្នុងឈូងសមុទ្រថៃ ក៏នៅមានសម្ពាធទាបកើតឡើងជាបន្តបន្ទាប់ដែរ។
អ្នកនាំពាក្យក្រសួងជំនាញខាងលើបានបញ្ជាក់ថា ធម្មតាសម្ពាធខ្ពស់ចូលដល់ខែនេះ គឺបានរុញចុះមកជាមួយនឹងខ្យល់មូសុងឦសានខ្លាំងម្តងៗ តែនៅឆ្នាំនេះ មិនទាន់ឃើញមានរុញចុះមកនៅឡើយទេ ហើយនៅដើមខែធ្នូខាងមុខអាចនឹងមានវិសម្ពាធ ឬព្យុះកើតមានថែមទៀតនៅក្នុងសមុទ្រចិនខាងត្បូងដើរចូលមកកៀកឆ្នេរវៀតណាម ខាងត្បូង ធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយបន្ថែមមកទៀតនៅដើមខែក្រោយនោះ។
ក្រសួងធនធានទឹក និងឧតុនិយមកាលពីថ្ងៃទី២២ ខែវិច្ឆិកា បានជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុសម្រាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកាថា នៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកាប្រទេសកម្ពុជា ទទួលឥទ្ធិពលពីសម្ពាធទាបសកម្ម និងនៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា បណ្តាខេត្តភាគខាងលើ (ជើង) ទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់។ ឯរាជធានី និងខេត្ត នៅភាគខាងក្រោម (ត្បូង) បន្តទទួលឥទ្ធិពលពីជល្រងសម្ពាធទាបបង្កឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គររន្ទះ។
នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថា ស្ថានភាពបែបខាងលើធ្វើឲ្យតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៣ ទៅ២៥អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣២ទៅ៣៤អង្សាសេ។ នៅចន្លោះថ្ងៃទី២៣ និង២៤ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គររន្ទះ។ នៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច។
សម្រាប់តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី២២ ទៅ២៤អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣០ទៅ៣៣អង្សាសេ។ នៅចន្លោះថ្ងៃទី២៣ និង២៤ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមលាយឡំទៅដោយផ្គររន្ទះ។ នៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច។
នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៦អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣១ទៅ៣៣អង្សាសេ។ នៅចន្លោះថ្ងៃទី២៣ និង២៤ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គររន្ទះ។ នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ នៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច៕