នាយករដ្ឋបាលសាលាស្រុកសង្កែ លោក គង់ សុគុណ្ណា បានសម្រេចចិត្តដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ ស្នើសុំឈប់ពីតួនាទីការងារ ក្រោយមានការអន់ចិត្តចំពោះការតែងតាំងដែលលោកថាមានភាពមិនប្រក្រតី និងអយុត្តិធម៌សម្រាប់រូបលោក នូវបេក្ខភាពពីររូបថ្មីជាអភិបាលរងស្រុកសង្កែ ផ្ទុយពីគោលការរបស់ក្រសួងមហាផ្ទៃ។
ក្នុងលិខិត ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក គង់ សុគុណ្ណា បានឱ្យដឹងថា លោកបានបំពេញការងារតួនាទីភារកិច្ចមន្ត្រីរាជការ ក្របខ័ណ្ឌក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ២០០១ រហូតបច្ចុប្បន្នក្នុងមុខតំណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ ខេត្តបាត់ដំបង។
តាមការបញ្ជាក់មូលហេតុរបស់លោក គង់ សុគុណ្ណា ក្នុងពាក្យស្នើសុំលាលែងតំណែងនេះបានសរសេរថា៖ «មូលហេតុ រូបខ្ញុំបាទមានសុខភាពផ្លូវចិត្ត»។
ក្នុងន័យនេះ លោកបានសំដៅទៅលើការតែងតាំងអភិបាលរងស្រុកសង្កែ ថ្មីចំនួន២រូប ដែលលោកអះអាងថា «ករណីការតែងតាំងអភិបាលរងស្រុកសង្កែមានភាពមិនប្រក្រតី» ដែលធ្វើឱ្យលោកទទួលរងនូវភាពអយុត្តិធម៌។ ដោយហេតុដូច្នេះ លោក គង់ សុគុណ្ណា ក៏ស្នើសុំលាឈប់ពីតួនាទីមុខតំណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ នៃខេត្តបាត់ដំបង ចាប់ពីពេលដាក់ពាក្យលាឈប់នេះ។
យោងតាមគោលការណ៍ក្រសួងមហាផ្ទៃ រាល់ការតែងតាំងអភិបាលរងស្រុក ឬក្រុង បេក្ខភាពគឺត្រូវតែងតាំងនាយករដ្ឋបាល សាលាស្រុក ឬ ក្រុង មិនអាចច្រើសរើសចេញពីអង្គភាពដទៃឡើយ។ ដោយឡែកក្នុងករណីនេះ សមាសភាពអភិបាលរងស្រុកសង្កែចំនួនពីររូបថ្មីដែលនឹងត្រូវឡើងបែរជាជ្រើសរើសយកមកពីអង្គភាពផ្សេង ដែលធ្វើឡើងដោយមិនប្រក្រតី តាមខ្សែរបណ្ដោញ មិនគោរពគោលការណ៍ក្រសួងមហាផ្ទៃ៕