សង្គម

ចិនប្រកាសពីការស្លាប់លើកដំបូងដោយសារជំងឺ Covid-19 ចាប់តាំងពីខែឧសភាមក

ចិន៖ គណៈកម្មាធិការសុខភាពជាតិរបស់ចិនបាននិយាយកាលពីថ្ងៃអាទិត្យថា បុរសអាយុ ៨៧ ឆ្នាំម្នាក់ មកពីទីក្រុងប៉េកាំង បានស្លាប់ដោយសារជំងឺCovid-19។ នេះជាករណីស្លាប់លើកដំបូង ដោយសារវីរុស Covid-19 នៅក្នុងប្រទេស ក្នុងរយៈពេលជិតកន្លះឆ្នាំកន្លងទៅនេះ ក្នុងពេលមានវិធានការបិទខ្ទប់តឹងរ៉ឹងរបស់ខ្លួន ។

នៅថ្ងៃទី២០ ខែវិច្ឆិកា ប្រទេសចិនបានប្រកាសពីករណីឆ្លងវីរុស Covid-19 ថ្មីចំនួន ២៤,២១៥ ករណីដែលត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោង ដែលភាគច្រើនពុំមានរោគសញ្ញា ។ មានករណីដែលត្រូវបានកត់ត្រាចំនួន ២៨៨,៥៦២ករណី ចាប់តាំងពីវីរុសត្រូវបានគេដឹងជាលើកដំបូងនៅក្នុងទីក្រុងWuhan កាលពីខែធ្នូ ឆ្នាំ២០១៩ ប៉ុន្តែមានតែអ្នកស្លាប់ចំនួន ៥,២២៩ នាក់ប៉ុណ្ណោះត្រូវបានរាយការណ៍ ។

ប្រទេសលោកខាងលិចមួយចំនួនបានចោទសួរអំពីការរក្សាកំណត់ត្រារបស់ប្រទេសចិនដោយ និយាយថា ការផ្ទុះឡើងវីរុស Covid-19 កាលពីពេលថ្មីៗនេះនៅទីក្រុងសៀងហៃ ដែលមានរយៈពេលពីរខែ និងបានឆ្លងដល់មនុស្សរាប់សែននាក់ជាផ្លូវការបណ្តាលឱ្យមានមនុស្សស្លាប់ប្រហែលជាង ២០នាក់ប៉ុណ្ណោះ ៕