សង្គម

ក្រសួងការពារជាតិ ផ្សព្វផ្សាយខ្លឹមសារសៀវភៅសការពារជាតិ ជូនដល់ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ !

នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសៀវភៅសការពារជាតិ ជូនដល់ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ផន ឬទ្ធីសក្តិ ជំនួយការសម្តេចពិជ័យសេនា ទៀ បាញ់ និងជា នាយករងនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និង លោកឧត្តមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ពិធីនេះមានចូលរួមពី លោកនាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ផន ឬទ្ធីសក្តិ ក៏បានធ្វើបទបង្ហាញពីសៀវភៅ ស ការពារជាតិ ជូនដល់យោធិន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយបានរំលេចពី ខ្លឹមសារសំខាន់ៗមួយចំនួនរួមមាន៖

*ដោយហេតុថាសៀវភៅសការពារជាតិ ឆ្នាំ២០២២ គឺជាគោលនយោបាយយុទ្ធសាស្ត្ររយៈពេលវែងរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យការពារជាតិ និងសន្តិសុខ ហើយដែលត្រូវបានផ្តល់សច្ចាប័នដ៏ខ្ពង់ខ្ពស់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តម្រូវឱ្យចាត់ទុកឯកសារនេះជាត្រីវិស័យ និងជាគោលការណ៍សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រ ការធ្វើកំណែទម្រង់យោធា និងការកសាងសមត្ថភាពកងយោធពលខេមរភូមិន្ទ។ ទន្ទឹមនឹងនេះ សៀវភៅសការពារជាតិ ឆ្នាំ២០២២ គឺជាឧបករណ៍ដ៏សំខាន់នៅក្នុងទំនាក់ទំនងអន្តរជាតិ ជាពិសេសសុឆន្ទៈរបស់កម្ពុជា នៅក្នុងការកសាងទំនុកចិត្ត និងតម្លាភាពជាមួយបណ្តាប្រទេសនៅក្នុងតំបន់។

*សន្តិភាពដ៏កម្ររកបាននៅកម្ពុជា ទាមទារឱ្យមានការថែរក្សាការពារឱ្យបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ត្រូវចាត់វិធានការជាបន្ទាន់ចំពោះរាល់សកម្មភាពទាំងឡាយណា ដែលមានចរិតជាបដិវត្តន៍ពណ៌ ដើម្បីភាពសុខដុមរមនា និងវិបុលភាពរបស់ប្រជាជាតិកម្ពុជា។ ទន្ទឹមនឹងនេះ ត្រូវលើកស្ទួយតម្លៃ និងខិតខំកសាង តឹកតាងនៃប្រវត្តិសាស្ត្រយោធាដែលជាមូលដ្ឋានគ្រឹះនៃនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាព និងឯកភាព ជាតិពេញលេញ រហូតដល់សព្វថ្ងៃ និងតទៅថ្ងៃអនាគត។

*ការផ្សារភ្ជាប់ទំនាក់ទំនងរវាងសមរភូមិមុខ និងសមរភូមិក្រោយ គឺជាកត្តាមិនអាចខ្វះបានសម្រាប់ទ្រទ្រង់ដល់ខឿនការពារជាតិ។ សម្ព័ន្ធមេត្រីភាពរវាងកងទ័ព និងស្ថាប័នរដ្ឋ និងឯកជន និងលើកតម្លៃនៃពលិកម្មដ៏ធំធេងរបស់កងទ័ព និងបង្កើនការគាំទ្រទាំងស្មារតី និងសម្ភារៈ ពីសំណាក់សមរភូមិក្រោយ។

*ចាប់ពីពេលនេះតទៅការធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ គឺជាអាទិភាពចម្បងមួយ នៅក្នុងដំណើរការកែទម្រង់យោធា។ សមត្ថភាពកងយោធាកម្ពុជា នឹងមិនត្រូវបានចាប់បង្ខំឱ្យស្ថិតនៅក្នុងសភាពចាស់គម្រិលតោកយ៉ាក ឬដើរថយក្រោយនោះឡើយ។ ការធ្វើទំនើបកម្ម នឹងមិនមានត្រឹមតែមូលដ្ឋានកងទ័ពជើងទឹករាមប៉ុណ្ណោះទេ តែនឹងត្រូវធ្វើនៅក្នុងវិស័យផ្សេងៗទៀត ដូចជាការពារអាកាស អាវុធធុនធ្ងន់ ការសង្គ្រោះ ប្រតិបត្តិការរក្សាសន្តិភាព ការប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ ការធ្វើទំនើបកម្មនេះ មិនមែនបង្កការគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយ ផ្ទុយទៅវិញជាការការពារខ្លួន និងរួមចំណែកក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់តែប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ត្រី ផន ឬទ្ធីសក្តិ សង្ឃឹមយ៉ាងមុតមាំថា ក្រោយទទួលបានការផ្សព្វផ្សាយសៀវភៅសការពារជាតិនេះ យោធិន កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងយល់កាន់តែច្បាស់អំពីតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យការពារជាតិ ដើម្បីអនុវត្តបានត្រឹមត្រូវឈានឆ្ពោះទៅធ្វើទំនើបកម្ម កងយោធពលខេមរភូមិន្ទ៕