សង្គម

ចាប់បុគ្គលិក​កាស៊ីណូ ជនជាតិ​ថៃ ៦នាក់នៅប៉ៃលិន ក្រោយផ្ទុះអាវុធជាង ១០ គ្រាប់

ជនជាតិ​ថៃ​ចំនួន ៦ នាក់ ជា​បុគ្គលិក​កាស៊ីណូ និង​រី​ហ្សត​ហ្គ្រេ​ន ក្នុង​ខេត្ត​ប៉ៃលិន បាន​ប្រើប្រាស់ និង​ផ្ទុះអាវុធ ជាង ១០ គ្រាប់ ខុសច្បាប់ កណ្តាល​ក្រុង ត្រូវ​សមត្ថកិច្ច​នាំខ្លួន​អនុវត្ត តាមផ្លូវ​ច្បាប់​។​

​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ប៉ៃលិន បានបញ្ជាក់​ឲ្យ​ដឹងថាៈ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ​កម្លាំង​ការិយាល័យ​ជំនាញ សហការ​ជាមួយ​កម្លាំង នគរបាល​ស្រុក​សាលា​ក្រៅ បាន​ឃាត់ និង​នាំខ្លួន​ជនសង្ស័យ ចំនួន ៦ នាក់ ជា​ជនជាតិ​ថៃ កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ក្រោយ​ក្រុម ជនសង្ស័យ ខាងលើ បាន​ប្រើប្រាស់​កាំភ្លើង​ខុសច្បាប់ និង​ថែមទាំង​បាន​បាញ់ លេង​ចំនួន ១៤ គ្រាប់ ដោយ​សេរី បែប​អនាធិបតេយ្យ ដែល​បាន​ប្រព្រឹត្ត កាលពី​ថ្ងៃទី​១១ ខែ​វិ​ច្ឆ​កា ថ្មីៗ​នេះ ត្រង់ចំណុច​មាត់​ស្ទឹង ក្នុងភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​។​

​ជនសង្ស័យ ប្រព្រឹត្ត​សកម្មភាព​ល្មើសច្បាប់​នេះ ជា​បុរស​ជនជាតិ​ថៃ មានឈ្មោះ Eiamrk Sawong ហៅ​តឺ អាយុ​២៩​ឆ្នាំ , ឈ្មោះ​តា ឆៃ អាយុ​២៧​ឆ្នាំ , ឈ្មោះ អាត ធិ​ប អាយុ​២៣​ឆ្នាំ , ឈ្មោះ SIttipog Vuthichai អាយុ​៣៣​ឆ្នាំ , ឈ្មោះ Bunthuk thawatchai អាយុ​៣៣​ឆ្នាំ និង​ឈ្មោះ Chanin Thon ហៅ​ទិន អាយុ​១៩​ឆ្នាំ ។ ទាំងអស់គ្នា ជា​បុគ្គលិក​កាស៊ីណូ និង​រី​ហ្សត​ហ្គ្រេ​ន ឋិត​ក្នុង​ខេត្ត​ប៉ៃលិន​។​

​ពា​កើ​ព័ន្ធ​ករណីនេះ នគរបាល ដកហូត​វត្ថុតាង​បាន​មួយចំនួន រួមមាន​: អាវុធខ្លី​ចំនួន ៣​ដើម (​ម៉ាក​រ៉ូឡូ គ្រាប់​មួយ​ប្រអប់ ចំនួន ៤៥​គ្រាប់​, ម៉ា​កឡុក មាន​បង់​ចំនួន ៣ មាន​គ្រាប់ ចំនួន ៥១​គ្រាប់​, ម៉ាក​គូ​ស៊ី មាន​បង់​មួយ ក្នុងនោះ​មាន​គ្រាប់ រ៉ូឡូ​ចំនួន ៣០ គ្រាប់ សរុប​ទាំងអស់​ចំនួន ១២៦ គ្រាប់​៕