អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា រយៈពេល ៣ ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៧ លើក បានកើតឡើងទូទាំងប្រទេស ដោយបណ្តាលឱ្យស្លាប់មនុស្សចំនួន ១៦ នាក់ និងរបួសសរុបចំនួន ៤៤ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ៣១ នាក់។
លោក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ចំនួននេះ បើធៀបនឹងឆ្នាំមុន ចំនួនគ្រោះថ្នាក់ចរាចរណ៍សរុបមានការថយចុះ ៨ លើក ឬស្មើ ១៨ ភាគរយ។ ចំពោះចំនួនអ្នកស្លាប់វិញ គឺមានការថយចុះចំនួន ៦ នាក់ ឬស្មើនឹង ២៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំមុន ដែលមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដល់ទៅ២២ នាក់។
សម្រាប់មូលហេតុដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ គឺដោយសារល្បឿន មាន ៨ លើក មិនគោរពសិទ្ធិមាន ៧ លើក មិនប្រកាន់ស្តាំមាន ៤ លើក ប្រជែងគ្រោះថ្នាក់មាន ៤ លើក កត្តាយានយន្តមាន៣លើក និងបត់គ្រោះថ្នាក់មាន ១លើក។ អ្នកស្លាប់ដោយគ្រោះថ្នាក់នេះ ភាគច្រើនជាអ្នកបើកបរម៉ូតូ មាន ១២ នាក់ ហើយអ្នកថ្មើរជើងចំនួន ៣ នាក់ និងអ្នកធ្វើដំណើរតាមរថយន្តតូចម្នាក់៕