មន្ទីរពហុព្យាបាលជំងឺទូទៅដែលប្រើប្រាស់ឈ្មោះ វេជ្ជបណ្ឌិត កែវ ការីណូ ដែលជាឈ្មោះខ្មោច មកបើកមន្ទីរពេទ្យបានដោយរលូននៅ រាជធានីភ្នំពេញ ចំនួនពីរកន្លែង ត្រូវបានមន្ត្រីជំនាញពាក់ព័ន្ធចុះបិទផ្អាកដំណើរការ បន្ទាប់ពីបែកធ្លាយថាគ្មានច្បាប់។
តាមប្រភពព័ត៌មានពីអ្នកស្និទ្ធស្នាលជាមួយលោក កែវ ពិសិដ្ឋ ម្ចាស់មន្ទីរពេទ្យគ្មានច្បាប់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដែលប្រើប្រាស់ឈ្មោះខ្មោចមកបើកអាជីវកម្មពេទ្យ បានឱ្យថា មូលហេតុមន្ទីរពេទ្យនោះបើកដំណើរការបាន ដោយសារបានបង់ប្រាក់ ចំនួន ៥ពាន់ដុល្លារ ក្នុង១ឆ្នាំ ឱ្យទៅអ្នកឈរឈ្មោះឱ្យពីក្រោយ។
មន្ទីរពហុព្យាបាលដែលប្រើប្រាស់ឈ្មោះលោកវេជ្ជបណ្ឌិត កែវ ការីណូ ដែលជាឈ្មោះខ្មោច មានចំនួន៣កន្លែងរួមមាន៖
កន្លែងទី១ ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ យីហោ «មន្ទីរពហុព្យាបាល សម្ភព កែវ ការីណូ» គ្រប់គ្រងដោយឈ្មោះ កែវ វិចិត្រ និងប្រពន្ធឈ្មោះ អ៊ុ សុផលសោភា។
កន្លែងទី២ ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ យីហោ «មន្ទីរពហុព្យាបាល សម្ភព សុវណ្ណ រិទ្ធីសក្ដិ» គ្រប់គ្រងដោយលោក កែវ ពិសិដ្ឋ ត្រូវជាប្អូនបង្កើតរបស់លោក កែវ វិចិត្រ ដែលជាម្ចាស់មន្ទីរពេទ្យនៅខណ្ឌឬស្សីកែវ។
កន្លែងទី៣ ស្ថិតនៅភូមិទេពប្រណម្យ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល យីហោ «មន្ទីរពហុព្យាបាល សម្ភព សុខ សុវណ្ណ» ដែលមានលោក សុខ វណ្ណ ដែលជាអ្នកសារព័ត៌មានគ្មានចេះជំនាញពេទ្យ និងបក្សពួកបានរួមគំនិតគ្នាយកឈ្មោះខ្មោចមកបើកអាជីវកម្មមន្ទីរពេទ្យ តែជាអកុសលត្រូវបែកធ្លាយមុនថាយកឈ្មោះខ្មោចមកប្រើប្រាស់ ទើបមិនទាន់បានបើកដំណើរការ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលស្នាក់នៅរាជធានីភ្នំពេញ បានលើកឡើងដែរថា នៅខាងទួលសងែ្ក ខណ្ឌឬស្សីកែវ ក៏មានមន្ទីរពេទ្យដែលប្រើប្រាស់ឈ្មោះខ្មោចនេះដែរ តែខាងសារព័ត៌មានយើងនៅមិនទាន់បានទទួលព័ត៌មានលម្អិតនោះទេ គ្រាន់តែដឹងថាកាត់ផ្លាកយីហោលាក់ទុកបាត់ហើយ។
ចំពោះករណីឃុបឃិតគ្នាយកឈ្មោះខ្មោចមកបើកដំណើរការមន្ទីរពេទ្យខាងលើនេះ មហាជនជាច្រើនបានចាត់ទុកថា ជាការភូតភរកុហកថ្នាក់ដឹកនាំ និងបោកប្រាស់ទំនុកចិត្តមហាជន ក្នុងបំណងទុច្ចរិតបំពុលសង្គម។
ចំណែកឯប្រភពព័ត៌មានរឿងបង់ប្រាក់ចំនួន ៥ពាន់ដុល្លារ ក្នុង១ឆ្នាំ ឱ្យទៅអ្នកនៅពីក្រោយខ្នង ដើម្បីដោះដូរក្នុងការបើកដំណើរការមន្ទីរពេទ្យគ្មានច្បាប់បានដោយរលូននៅរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានយើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា លោកមិនដែលទទួលបានប្រាក់នោះទេ ពោលគឺមន្ទីរសុខាភិបាលនៃរាជធានីភ្នំពេញមិនដឹងនោះទេ។
ករណីខាងលើនេះលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ កំពុងតែបំភ្លឺដោះយករួចខ្លួនហើយ តើអ្នកណានៅពីក្រោយខ្នងរឿងទទួលលុយ ៥ពាន់ដុល្លារ ក្នុង១ឆ្នាំក្នុងការការពារឱ្យមន្ទីរពេទ្យដែលយកឈ្មោះខ្មោចមកបើកដំណើរការបានដោយរលូននិងគ្មានការរំខានដល់ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។
មហាជនដាក់សំណួរថា៖ ហេតុអ្វីមន្ទីរពេទ្យគ្មានច្បាប់អនុញ្ញាត អាចបើកដំណើរការជាសារធារណៈបានដោយរលូនអស់រយៈពេលជាច្រើនឆ្នាំ បែរជាប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មិនដឹងមិនឮបន្តិចសោះចឹង។ តើលុយ ៥ពាន់ដុល្លារ ក្នុង១ឆ្នាំ អ្នកណាអ្នកទទួល តើប្រភពព័ត៌មានពីអ្នកស្និទ្ធស្នាលជាមួយលោក កែវ ពិសិដ្ឋ ប្អូនបង្កើតលោក កែវ វិចិត្រ ម្ចាស់មន្ទីរពេទ្យគ្មានច្បាប់ទាំងនោះ អង្គភាពប្រឆាំងអំពើពុករលួយគួរតែបើកការស៊ើបអង្កេតដែរឬយ៉ាងណា!
ករណីនេះដែរ! តើឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង គួរតែមានវិធានការយ៉ាងណាចំពោះលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានី ដែលអសមត្ថភាពក្នុងការគ្រប់គ្រងដែនសមត្ថកិច្ចរបស់ខ្លួន ពោលគឺមន្ទីរពេទ្យដ៏ធំបើកដំណើរការគ្មានច្បាប់ជាសាធារណៈបែរជារូបគាត់សម្ងំស្ងៀម។
បើយោងតាមការបញ្ចេញមតិជាច្រើនពីសារធារណៈជន តាមបណ្តាញសង្គមហ្វេសប៊ុកខមមិនថា Comments ធ្លាប់មានបងប្អូនសាច់ញាតិបានស្លាប់ដោយសារមន្ទីរពេទ្យគ្មានច្បាប់ខាងលើ។ រឿងរ៉ាវនេះគឺគ្រាន់តែជាការបញ្ចេញមតិយោបល់របស់សារធារណៈជនតាមសង្គមហ្វេសប៊ុកតែប៉ុណ្ណោះ ខាងសារព័ត៌មានយើងមិនបានដឹងច្បាស់នោះទេ អាស្រ័យហេតុនេះសូមថ្នាក់ដឹកនាំនិងសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធបើកការស៊ើបអង្កេតតាមការគួរ។
មហាជនជាច្រើនក៏សូមសំណូមពរស្នើសុំដល់ឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមឯកឧត្តមបើកការស៊ើបអង្កេតផង ចំពោះប្រភពព័ត៌មានថាពេទ្យគ្មានច្បាប់អនុញ្ញាតសោះ តែអាចបើកដំណើរការបានយ៉ាងរលូន ដោយសារតែបង់លុយ ៥ពាន់ដុល្លារ ក្នុង១ឆ្នាំ ឱ្យទៅអ្នកដែលឈរឈ្មោះឱ្យពីក្រោយខ្នង៕