សង្គម

អភិបាលខេត្តតាកែវ​ត្រូវ​មន្រ្តីក្រោម​បង្គាប់​ប្តឹងទៅ ACU

យោង​តាម​លិខិត​មួយ​ច្បាប់​របស់​អង្គភាពប្រឆាំងអំពើពុករលួយ​បាន​ឲ្យដឹងថា កាលពីចុងខែមករាកន្លងទៅ លោក អ៊ូច ភា អភិបាល​ខេត្ត​តាកែវ ត្រូវ​បាន​មន្រ្តីក្រោម​បង្គាប់​របស់​ខ្លួន​ប្តឹងថាបាន​យក​ប្រាក់​ដែល​បាន​មក​ពី​ការ​ផ្តល់​សេវា​ច្រក​ចេញ​ចូលតែមួយនៅ​រដ្ឋបាល​ខេត្ត ដោយ​មិន​បាន​បែងចែក​ជា​ប្រាក់រង្វាន់​ដល់​មន្រ្តីរដ្ឋបាល​ក្នុង​១ខែម្តងៗ តាម​សេចក្តី​សម្រេច​របស់​ក្រសួងមហាផ្ទៃ​ឡើយ។

ក្រុមមន្រ្តីទាំងនោះថា ការ​មិន​បាន​បែងចែក​ភាគលាភនេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មន្រ្តីរដ្ឋបាលសាលា​ខេត្តទាំងមូល និង​មន្រ្តី​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំង​ខេត្តតាកែវ ទៀតផង។

យ៉ាងណាក៏ដោយ ចំពោះ​ការ​ចោទ​ប្រកាន់​នេះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២០ លោក អ៊ូច ភា អភិបាល​ខេត្ត​តាកែវ បានទៅធ្វើ​ការ​បំភ្លឺ​នៅ​អង្គភាព​ប្រឆាំងអំពើពុករលួយ ដោយថា ការ​ដែល​មិន​បែង​ចែក​ប្រាក់រង្វាន់​តាម​ខែនីមួយៗ តាម​គោល​ការណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ គឺ​ដោយ​សារ​ប្រាក់​រង្វាន់​ដែល​ជា​ចំណែក​របស់រដ្ឋបាល​ខេត្ត​ផ្ទាល់​ប្រចាំ​ខែនីមួយៗ​មាន​ចំនួន​តិចតួច មន្ទីរ​វិស័យ​មួយ​ចំនួន​បាន​បើក​ផ្តល់​ឲ្យ​សាលា​ខេត្ត​ក្នុង​មួយ​ឆ្នាំ​ម្តង ហើយដោយ​មាន​សំណូមពរ​ពី​មន្រ្តី​ភាគ​ច្រើន​សុំ​ឲ្យ​ធ្វើ​ការ​បែងចែក​ប្រាក់​រង្វាន់ជា​ប្រចាំឆ្នាំ ទើប​រដ្ឋបាល​ខេត្ត​តាកែវ ធ្វើ​ការ​រៀបចំ​បែងចែក​ប្រាក់រង្វាន់​ជូន​មន្រ្តី​បុគ្គលិក​ម្នាក់ៗ​ជា​ប្រចាំ​ឆ្នាំវិញ៕