សង្គម

ការពិតបានទម្លាយចេញទៀតហើយ មន្ទីរពហុព្យាបាលជំងឺ កែវ ការីណូ គឺយកឈ្មោះ (ខ្មោច) មកបើកអាជីវកម្មពេទ្យ សូមក្រសួងសុខាភិបាលជួយពិនិត្យមើលផង

ភ្នំពេញ៖ ដឹងការពិតហើយ មន្ទីរពហុព្យាបាល សម្ភព កែវ ការីណូ ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ យកឈ្មោះខ្មោច ដែលបានស្លាប់បាត់បង់ជីវិតជាយូរឆ្នាំណាស់មកហើយ មកធ្វើបើកអាជីវកម្មមន្ទីរពេទ្យ។

យោងតាមប្រភពព័ត៌មានដែលក្រុមការងារសារព័ត៌មានយើងទើបទទួលបាន បានបញ្ជាក់ថា៖ «លោកវេជ្ជបណ្ឌិត កែវ ការីណូ បានស្លាប់បាត់បង់ជីវិតអស់កាលជាយូរឆ្នាំណាស់មកហើយ» ពោលគឺគាត់មិនអាចធ្វើពេទ្យបានទៀតនោះទេ ព្រោះគាត់ចែកឋានទៅហើយ។

ចំណែកឯមន្ទីរពេទ្យព្យាបាលជំងឺនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ យីហោ «មន្ទីរពហុព្យាបាល សម្ភព កែវ ការីណូ» ដែលបានប្រើឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ គឺជាឈ្មោះ (ខ្មោច) ហើយក៏មិនទាន់ដឹងថាមានវេជ្ជបណ្ឌិត រូបណា មកឈរឈ្មោះជំនួសនោះដែរ។

ជុំវិញករណីយកឈ្មោះ (ខ្មោច) មកបើកមន្ទីរពេទ្យខាងលើនេះ ក្រុមការងារសារព័ត៌មានយើងបានទំនាក់ទំនងទៅកាន់ម្ចាស់មន្ទីរពេទ្យតាមរយៈលេខទូរស័ព្ទ និងតាមប្រព័ន្ធទំនាក់ទំនងតេលេក្រាម telegram តែគ្មានអ្នកលើកទូរស័ព្ទ តេលេក្រាម telegram មើលហើយមិនហ៊ានតប។

សូមបញ្ជាក់ដែរថា៖ មន្ទីរពេទ្យដែលយកឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ ដែលជាឈ្មោះ (ខ្មោច) យកមកប្រើគឺមានចំនួន៣ទីតាំង រួមមាន៖

ទី១៖ ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ យីហោ «មន្ទីរពហុព្យាបាល សម្ភព កែវ ការីណូ» ប្រើឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ (ស្លាប់) តែមិនដឹងថាមានវេជ្ជបណ្ឌិតរូបណាមកឈរឈ្មោះជំនួសនោះទេ ព្រោះសុំការបំភ្លឺមិនបាន។

ទី២៖ ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ យីហោ «មន្ទីរពហុព្យាបាល សម្ភព សុវណ្ណ រិទ្ធីសក្ដិ» ប្រើឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ (ស្លាប់) ដែលមានឈ្មោះ កែវ ពិសិដ្ឋ ជាអ្នកលួចបើក។

ទី៣៖ ស្ថិតនៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល យីហោ «មន្ទីរពហុព្យាបាល សម្ភព សុខ សុវណ្ណ» ប្រើឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ (ស្លាប់) ដែលមានឈ្មោះ សុខ សុវណ្ណ និងឈ្មោះ ហ៊ត សំអឿន ជាអ្នកលួចបើក។

ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានជាច្រើនសូមអំពាវនាវទទូចស្នើសុំដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង និងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌត នេត សាវឿន អគ្គស្នងការនគរបាលជាតិសូមឯកឧត្តមមេត្តាជួយវិធានចាត់ការ ចំពោះមន្ទីរពេទ្យទាំងអស់ខាងលើនេះផងទាន។

ប្រជាពលរដ្ឋស្នើដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមសម្តេចមេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យបង្ក្រាបមន្ទីរពេទ្យព្យាបាលជំងឺ ដែលយកឈ្មោះ (ខ្មោច) មកប្រើប្រាស់ខាងលើនេះផងទាន៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299