សង្គម

អ៊ូរអរណាស់! វង់ល្បែង ជ្រកក្រោមស្លាកកាស៊ីណូសុខគីមម៉េង​ក្បែរ​ច្រក​ព្រំដែន​តន់ហន់ បើក​ឲ្យ​ពលរដ្ឋខ្មែរ​ចូល​លេង​ដោយសេរី បំពានបម្រាមរាជរដ្ឋាភិបាល!!

កំពត – វង់ល្បែងជ្រកក្រោមស្លាក កាសុីណូមួយ​កន្លែង​ដែលមាន​យីហោ សុខ គីមម៉េង ស្ថិត​នៅច្រកព្រំដែនទ្វេភាគីកម្ពុជា-វៀតណាម តន់ហន់ ក្នុងភូមិព្រែកក្រើស ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ត្រូវគេ​រាយការណ៍​ថា បានបើកឱ្យប្រជាពលរដ្ឋខ្មែរ ចូលលេង យ៉ាងគគ្រឹកគគ្រេង ក្នុងនោះ​គេ​ឃើញ​មានទាំង​ឡានពាក់ស្លាកលេខ ខ.ម ថែមទៀត។ ជារៀងរាល់ថ្ងៃ គេសង្កេតឃើញពលរដ្ឋខ្មែរ នាំគ្នាចូលលេងយ៉ាងពពាក់ពពូន នៅក្នុងកាសុីណូនេះ រហូតអ្នកខ្លះចាញ់បោសគូទខោ លក់អស់ដីធ្លីផ្ទះសម្បែង ឬរហូតរត់ចោលស្រុក ព្រោះខ្មាស់គេពេក។

អ្នកបានដឹងសាច់រឿងច្បាស់ អំពីកាស៊ីណូ បានរៀបរាប់ថា ចាប់តាំងពីកាសុីណូខាងលើបើកដំណើរការ គេសង្កេតឃើញជនជាតិខ្មែរចូលលេងជារៀងរាល់ថ្ងៃ ខុសពីសេចក្តីជូនដំណឹង (ស.ជ.ណ) របស់ទីស្តីការគណ:រដ្ឋមន្រ្តី។ ស.ជ.ណ របស់គណៈរដ្ឋមន្ត្រីបានកំណត់ថា ក្នុងវង់ល្បែងកាសុីណូនីមួយៗ គឺបេីកទទួលភ្ញៀវឲ្យចូលលេងតែជនបរទេសតែប៉ុណ្ណោះ ហេីយដាក់កំហិតមិនឲ្យខ្មែរ ចូលលេងជាដាច់ខាត។

ការអនុញ្ញាតឲ្យ​ពលរដ្ឋខ្មែរចូល​លេងកាស៊ីណូ ផ្ទុយ​ទៅ​នឹង​ច្បាប់របស់រដ្ឋនេះ ត្រូវ​គេដាក់ការ​សង្ស័យថា អាចមានការរួមគំនិតឃុបឃិតគ្នាជាប្រព័ន្ធរបស់អាជ្ញាធរ​ពាក់ព័ន្ធ ព្រោះ​ថា ការបើក​ឲ្យជនជាតិខ្មែរចូលលេងនេះ បានកើត​ឡើង​ជា​យូរមក​ហើយដែរ ប៉ុន្តែ​គេមិនឃើញ​អាជ្ញាធរ​មានសមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​ហាមឃាត់ ឬ​បង្រ្កាបនោះ​ឡើយ។

មេការវង់ល្បែង ជ្រកក្រោមស្លាក កាស៊ីណូ អួតក្អេងក្អាងថា វង់ល្បែងរបស់ខ្លួនខាងលើ មានសុវត្ថិភាពខ្លាំងណាស់ គ្មានសមត្ថកិច្ចណាហ៊ានធ្វើការបង្ក្រាបឡើយ បើទោះបីជារាជរដ្ឋាភិបាល កំពុងដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងខុសច្បាប់ និងមានច្បាប់នៅទូទាំងប្រទេសក៏ដោយ ព្រោះមានមន្រ្តីដ៏មានអំណាច ជាអ្នកចាំកាងចាំការពារ ដែលសូម្បីតែលោក ម៉ៅច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត ក៏មិនហ៊ានចេញមុខបង្រ្កាបដែរ និយាយអ្វីឋានៈត្រឹមលោកអធិការមូលដ្ឋានស្រុកកំពង់ត្រាច?

ចំពោះករណីនេះអង្គភាពសារព័ត៌មានពេញចិត្តមេឌា យើង​មិន​អាច​ស្វែង​រក​ការ​បំភ្លឺពីភាគីពាក់ព័ន្ធបាននៅ​ឡើយ​ទេ​នៅ​ថ្ងៃនេះ។

យ៉ាងណាប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តកំពត ក៏​បាន​សំណូមពរដល់ស្នងការ ក៏ដូចជាលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត មេត្តាពិនិត្យមើលទីតាំងកាស៊ីណូខាងលើនេះផង ព្រោះសកម្មភាពនេះ គឺផ្ទុយ​ទៅ​នឹង​ច្បាប់​របស់​ប្រទេស​កម្ពុជា ដែលមិនអនុញ្ញាតឲ្យ​ពលរដ្ឋខ្មែរ​ចូល​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ​នោះទេ ពោល​គឺអនុញ្ញាត​ឲ្យ​តែជនបរទេសតែប៉ុណ្ណោះ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299