គិតត្រឹមរយៈពេល ៩ខែ នៃឆ្នាំ២០២២នេះ មានរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ប្រមាណ ២,៤៧០គ្រឿងត្រូវបានពិន័យ។ នេះបើតាមកិច្ចប្រជុំលទ្ធផលការងារ ៩ខែ នៃឆ្នាំ២០២២ របស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះ។
លោក សេង ឈួន ប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឱ្យដឹងថា ដើម្បីរកដំណោះស្រាយ និងបញ្ចៀសឱ្យបាននូវការដឹកលើសទម្ងន់ដែលនាំឱ្យខូចខាតផ្លូវថ្នល់ជាតិ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាសោភ័ណភាពទីក្រុង ក្រសួងនឹងបង្កើនការចុះផ្សព្វផ្សាយអំពីបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ឱ្យចូលរួមគោរពតាមបទដ្ឋានបច្ចកទេសស្ដីពីការដឹកជញ្ជូន។
បន្ថែមពីនេះ គណៈកម្មាធិការ ក៏បានដាក់ប្រើប្រាស់ជញ្ជីងឌីណាមិចចំនួន ៤ស្ថានីយបន្ថែម និងការបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធការពាររន្ទះនៅគ្រប់ស្ថានីយ ដើម្បីត្រួតពិនិត្យ និងតាមដានសកម្មភាពការងារ និងពង្រឹងការអនុវត្តការងារនេះឱ្យបានគ្រប់ជ្រុងជ្រោយផងដែរ។ ឯកឧត្តម ក៏បានជំរុញដល់មន្រ្តីទាំងអស់ ឱ្យខិតខំបន្តអនុវត្តការងាររឹតបណ្តឹងបទល្មើសដឹកលើសទម្ងន់កម្រិតកំណត់ឱ្យកាន់តែប្រសើរឡើង។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍នៃការអនុវត្តការងាររយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ រថយន្តត្រួតពិនិត្យសរុបចំនួន ២ ៥៧៩ ២៦០គ្រឿង ក្នុងនោះរថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់ក្នុងកម្រិតអនុគ្រោះមានចំនួន ៨៤៤ ៥៧៨គ្រឿង ស្នើនឹង ៣២.៧៤% នៃរថយន្តសរុប និងរថយន្តផ្ទុកលើសទម្ងន់ត្រូវបានពិន័យមានចំនួន ២ ៤៧០គ្រឿង៕