សង្គម

រណ្ដៅដីយក្សមួយកន្លែង អួតអាងមានច្បាប់ កំពុងតែមមាញឹកជាខ្លាំង កាយដីយកទៅលក់ ក្នុងស្រុកកណ្ដាលស្ទឹង ដោយមិនខ្វល់ពីផលប៉ះពាល់ និងអាជ្ញាធរពាក់ព័ន្ធនោះឡើយ!

(កណ្តាល) ៖ រណ្ដៅដីយក្សដល់ក្បាលប្រេតមួយកន្លែងស្ថិតនៅភូមិក្រាំងតី ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងតែមមាញឹកយ៉ាងខ្លាំងក្នុងការកាយយកអាចម៍ដី ដោយគ្មានខ្វល់ពីផលប៉ះពាល់ដល់បរិស្ថាន ដូចជាការបាក់ស្រុតដីប្រជាពលរដ្ឋនៅជិតខាងបន្តិចសោះឡើយ។

តាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា ការដ្ឋានរណ្ដៅដីយក្សមួយកន្លែងខាងលើកំពុងតែមមាញឹកយ៉ាងខ្លាំងចំពោះសកម្មភាព
កាប់គាស់កាយយកអាចម៍ដី ដោយគ្មាន អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ចេញមុខចុះមកពិនិត្យបន្តិចសោះឡើយ។

ប្រភពព័ត៌មានដដែលបានបន្ថែមទៀតថា មិនត្រឹមតែកាប់គាស់កាយយកអាចម៍ដី ដែលមានទំហំជាង១០ហោចតា និងមានជម្រៅជ្រៅដល់ក្បាលប្រេត ដោយគ្មានខ្វល់ពីបញ្ហាបាក់ស្រុតនោះទេ ការដ្ឋានមួយនេះប្រើប្រាស់រថយន្តខ្នាតយក្សធំៗ បើកបរក្នុងល្បឿនលឿន មិនគ្របអោយបានត្រឹមត្រូវ គ្មានគោរពតាមគោលការណ៍ច្បាប់ ធ្វើឱ្យធ្លាក់រាយប៉ាយពាសពេញផ្លូវ បង្កឱ្យខូចខាតបាត់ស្រុតផ្លូវ បង្កការភ័យខ្លាចចំពោះការធ្វើដំណើររបស់ពលរដ្ឋ។

បើយោងតាមការបំភ្លឺតាមរយៈទូរស័ព្ទពីលោកម្នាក់ ដែលជាមេការដ្ឋានរណ្ដៅដី បានអះអាងថា ក្រុមហ៊ុនរបស់របស់ខ្លួនមានច្បាប់អនុញ្ញាតត្រឹមត្រូវចេញពីក្រសួងរ៉ែ និងថាមពល និងអះអាងថា ក្រុមហ៊ុនរបស់ខ្លួនជាអ្នកធ្វើផ្លូវ ទោះបីជាមានការខូចខាតផ្លូវក៏ ក្រុមហ៊ុនគាត់ជាអ្នកធ្វើ ដែរ។ មេការរូបនោះបានបញ្ជាក់ ដោយរិះគន់ទៅអាជ្ញាធរ ដែនដី ថា អាជ្ញាធរភូមិឃុំមិនមានការអភិវឌ្ឍផ្លូវទាំងនោះទេ គឺមានតែក្រុមហ៊ុនរបស់គាត់ទេជាអ្នកធ្វើផ្លូវទាំងអស់ ដូច្នេះហើយខូចក៏ខូចទៅ ចាំធ្វើឡើងវិញ។ ព្រមទាំងចោទជាសំណួរមកវិញថា ពេលក្រុមហ៊ុនរបស់គាត់ធ្វើផ្លូវ និងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងស្រុកកណ្តាលស្ទឹងម្តេចក៏មិនមានអ្នកមកសួរផង?

មេការដដែលរូបនោះ បានបញ្ជាក់ដោយសំអាងអំណាចក្តែងៗថាបើសិនជាសារព័ត៌មានផ្សាយពីការដ្ឋានរណ្ដៅដីយក្សរបស់គាត់ក៏ផ្សាយចុះ ក៏ក្រុមហ៊ុនរបស់គាត់មិនខ្លាចនោះទេ ព្រោះគាត់អាងមានច្បាប់ អនុញ្ញាត និងអាងថាជាអ្នកធ្វើផ្លូវ មិនតែប៉ុណ្ណោះ មេការរូបនោះ និយាយថា ចង់ទៅដល់ក្រសួងក៏បានដែរ។ នេះហើយជាចរឹកអ្នកមានអំណាចមានលុយ រកស៊ីទទួលប្រយោជន៍តែឯង មិនខ្វល់ពីបញ្ហាសុខភាពសុវត្ថិភាពសាធារណៈ បាក់ស្រុតនោះទេ ពោលគឺធ្វើអ្វីៗស្រេចតែអំពើចិត្ត។

ជុំវិញទៅនឹងច្បាប់អនុញ្ញាត អាជីវកម្ម មេការការដ្ឋានរណ្ដៅដីយក្សនោះ មិនហ៊ានបង្ហាញឲ្យសារព័តមានយើងឃើញនោះទេ។
ដោយឱ្យខាងសារព័ត៌មានទៅសួរលោក អ៊ូច សាវឿន ចៅហ្វាយស្រុកកណ្ដាលស្ទឹង បើចង់ដឹង?

បើយោងតាមប្រភពខ្លះៗ បានខ្សឹបខ្សៀវថា រណ្ដៅដីយក្សដល់ក្បាលប្រតមួយកន្លែងនេះ ពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ ពោលគឺ លួចលាក់ឃុបឃិតនិងអាជ្ញាធរពាក់ព័ន្ធរួចអស់ហើយ។

ករណីនេះប្រជាពលរដ្ឋជាច្រើនក៏បានលើកឡើងដែរថាលោក អ៊ូច សាវឿន ចៅហ្វាយស្រុកកណ្តាលស្ទឹង ហាក់ដូចជាប្រងើយកន្តើយខ្លាំងណាស់ចំពោះបញ្ហានេះ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោកអ៊ូច សាវឿ ចៅហ្វាយស្រុកកណ្ដាលស្ទឹង បានថ្លែងមកកាន់ អង្គភាពសារព័ត៌មានពេញចិត្តមេឌាថា ការដ្ឋានរណ្ដៅដីយក្សដល់ក្បាលប្រេតមួយកន្លែងខាងលើ គេមានច្បាប់ចេញពីក្រសួងរ៉ែនិងថាមពល អញ្ចឹងផុតដៃរបស់គាត់ហើយ។ ចំណែកលោក អ៊ុង ឌីប៉ូឡា អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល បានថ្លែងឲ្យដឹងថា ការដ្ឋានរណ្ដៅដីខាងលើនេះ មានអាជ្ញាប័ណ្ណ ប៉ុន្តែបានផុតសុពលភាពទៅហើយ។

យ៉ាងណាក៏ដោយពលរដ្ឋស្នើសុំដល់លោក លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សូមជួយដឹកនាំកម្លាំងជំនាញចុះពិនិត្យមើលការដ្ឋានរណ្ដៅដីយក្សដល់ក្បាលប្រេតខាងលើនិងទីតាំងលាងខ្សាច់ ជាច្រើនកន្លែងក្នុងស្រុកកណ្ដាលស្ទឹងកំពុងតែធ្វើឲ្យប្រជាពលរដ្ឋ មិនសប្បាយចិត្តនោះទេ៕

ដោយ: សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន: 010840732/061881299