សម្តេចតេជោ មានប្រសាសន៍គ្រាដែលសម្តេចអញ្ជើញក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ថា កម្ពុជាត្រៀមផលិតនាឡិកាម៉ាកអាស៊ាន Made in Cambodia ចំនួន ២៥គ្រឿង សម្រាប់ចែកជាកាដូជូនថ្នាក់ដឹកនាំកំពូលៗ នៃបណ្តា ប្រទេស ដៃគូ ដែលអញ្ជើញមកចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ ការផលិតនាឡិកានៅកម្ពុជា ដើម្បីឱ្យគេដឹងថាខ្មែរបច្ចុប្បន្ននេះ អាច ផលិតបាន នាឡិកាហើយ ហើយ ថ្ងៃនោះ សម្តេចនឹងពាក់នាឡិកាម៉ាកអាស៊ានតែម្ដង»។
សម្ដេចតេជោបានបន្ថែមថា អាស៊ាន មានតែ១០ទេ ប៉ុន្ដែមានដៃគូ ច្រើន និងប្រធានស្ថាប័នពិភពលោក ដូចជា៖ ប្រធានធនាគារពិភពលោក អគ្គនាយកមូលនិធិរូ បិយវត្ថុអន្តរជាតិ(IMF) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អគ្គនាយកអង្គការពាណិជ្ជកម្ម ពិភពលោក។
ទន្ទឹមនេះ ក៏មានវត្តមានប្រធានអង្គការសុខភាព ពិភពលោក ប្រធានក្រុមប្រឹក្សា អឺរ៉ុប ប្រធានអង្គការសហប្រតិបត្តិការសៀងហៃ និងប្រធាន វេទិកាសេដ្ឋកិច្ចពិភពលោក ដែល សុទ្ធតែមកចូលរួមកិច្ចសន្ទនាសកលលើកទី២ នៅកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានចេញបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ រឹតបន្តឹងការការពារសន្តិសុខឱ្យខ្ពស់បំផុត ដើម្បីការពារសន្តិភាព សុវត្ថិភាពដល់ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន និងប្រទេស ផ្សេង ទៀត ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំ ពូលអាស៊ាននៅរាជធានីភ្នំពេញនៅ ខែវិច្ឆិកា ឆ្នាំ២០២២នេះ៕