សង្គម

អាជ្ញាធរស្រុកកណ្តាលស្ទឹង ជម្រុញឲ្យប្រធានរោងចក្រ​កំពង់​កន្ទួត​ មេនូហ្វេកធីរីង​ (ខេមបូឌា)​ ខូអខូអិលធីឌី ដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ និងគោរពតាមវិធានការ៧ចំណុចរបស់មន្ទីរបរិស្ថាន

កណ្តាល ៖ រដ្ឋបាលស្រុកកណ្តាលស្ទឹង កាលពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានបេីក​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ ពាក់ព័ន្ធ​និង​ផលប៉ះ​ពាល់​ របស់​រោងចក្រ​ កំពង់​កន្ទួត​ មេនូហ្វេកធីរីង​ (ខេមបូឌា)​ ខូអខូអិលធីឌី មានទីតាំងស្ថិតនៅភូមិត្បូងក្តី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ក្រោមអធិបតីភាពលោក ស្វាយ សេងលី អភិបាលរងស្រុកកណ្តាលស្ទឹង និង លោក ឡុង ចាន់វាសនា អនុប្រធានការិយាល័យគាំទ្រពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តកណ្តាល។

បើយោងតាមការលើកឡើងរបស់លោក សំ ចាន់ធី មេភូមិត្បូងក្ដីបានឲ្យដឹងថា កន្លងមករោងចក្របានបង្ហូរទឹកស្អុយចូលអូរ ប្រឡាយខាងមុខវត្តព្រៃរូង បង្កឲ្យទឹកឡើងខ្មៅ ប៉ះពាល់ដល់ប្រជាពលរដ្ឋ រហូតដល់ប្រជាពលរដ្ឋបានធ្វើពាក្យបណ្តឹងប្ដឹងមកស្រុក។ លោកបន្តថា ពីមុនប្រជាពលរដ្ឋបានយកទឹកក្នុងអូរមុខវត្តព្រៃរូងសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ ក្រោយមកដោយសារឃើញទឹកខ្មៅពេក

លោក ហែម ប៊ុន គណៈកម្មការវត្តព្រៃរោង បានឲ្យដឹងថា ទឹកដែលរោងចក្របង្ហូរចេញមកចូលដីប្រជាពលរដ្ឋនិងអូរប្រឡាយគឺជាទឹកកខ្វក់ មានពណ៌ខ្មៅ មិនអាចប្រើប្រាស់បានទេ និងបានសំនូមពរឲ្យអាជ្ញាធរជួយពន្លឿនការដោះស្រាយផលប៉ះពាល់កុំបង្អែបង្អង់យូរពេកព្រោះយូរហើយ។

លោក គង់ ឡុង ប្រជាពលរដ្ឋដែលរងផលប៉ះពាល់បានលើកឡើងថា គឺដាច់ខាតមិនឲ្យខាងរោងចក្រ​ កំពង់​កន្ទួត​ មេនូហ្វេកធីរីង​ (ខេមបូឌា)​ ខូអខូអិលធីឌី ពន្យារពេលដោះស្រាយទេ ត្រូវតែយកសំរាមផ្លាស្ទីកចេញពីដីរបស់គាត់ឲ្យអស់, យកទឹកស្អុយ និងភក់ដែលមានសារធាតុពុលទាំងអស់ចេញពីរបស់គាត់ រួមទាំងដីប្រជាជន។ លោក គង់ ឡុង តម្រូវឱ្យថៅកែរោងត្រូវតែសង់សំណងចំពោះផលប៉ះពាល់ដីកន្លងមក ដីធ្វើស្រែចំការមិនបាន សងថ្លៃដើមឈើដែលបានងាប់ដែលមានរយះពេលប្រមាណជា៧ឆ្នាំមកនេះ។

លោកសំនូមពរឲ្យអាជ្ញាធរក៏ដូចជាស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ឲ្យថៅកែរោងចក្រខាងលើនេះ ចេញថ្លៃសងលើផលប៉ះពាល់ទាំងស្រុងដល់ប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ទាំងអស់ ហើយលោកបានសំនូមពរទៀតថា សូមឲ្យអាជ្ញាធរស្រុកកណ្តាលស្ទឹង ជាពិសេសលោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងគួរមានវិធានការយ៉ាងតឹងរ៉ឹងម៉ឹងម៉ាត់បំផុត ដោយមិនត្រូវបណ្ដែតបណ្ដោយឲ្យខាងថៅកែរោងនៅតែលួចដំណើរធ្វើអាជីវកម្មនោះ គឺត្រូវតែរងចាការដោះស្រាយឲ្យបានចប់សព្វគ្រប់ជាមួយប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ជាមុនសិន។

ដោយឡែកបើយោងតាមខាងភាគីថៅកែរោងចក្រ​ កំពង់​កន្ទួត​ មេនូហ្វេកធីរីង​ (ខេមបូឌា)​ ខូអខូអិលធីឌីបានលើកឡើងនៅក្នុងអង្គប្រជុំយ៉ាងច្បាស់ៗថា ពួកគាត់មានខ្សែអាត់ដែលនិយាយគ្នាជាមួយលោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងនិងលោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលថា បានអនុញ្ញាតឲ្យខាងពួកគាត់ជាភាគីរោងចក្រអាចបើកដំណើរការឡើងវិញបាន។

នាឱកាស លោក ឡុង ចាន់វាសនា អនុប្រធានការិយាល័យគាំទ្រពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តកណ្តាលបានគូសបញ្ជាក់ថា ខាងមន្ទីរបរិស្ថានគឺធ្វើតាមតែជំនាញវិជ្ជាជីវៈតែប៉ុណ្ណោះ ត្រង់ថា ខាងរោងចក្រយកអំណោយទៅប្ដូរយកមេដៃពីប្រជាពលរដ្ឋថា ឲ្យបើកដំណើរការរោងចក្រឡើងវិញ ក៏នៅតែបើកមិនបានដដែល។

ជាមួយគ្នានោះ លោក ស្វាយ សេងលី អភិបាលរងស្រុកកណ្តាលស្ទឹងបានបញ្ជាក់យ៉ាងដូច្នេះថា អាជ្ញាធរស្រុកនៅតែប្រកាន់ជំហរដដែលថា សូមឲ្យលោកប្រធានរោងចក្រ​ កំពង់​កន្ទួត​ មេនូហ្វេកធីរីង​ (ខេមបូឌា)​ ខូអខូអិលធីឌីគោរពតាមច្បាប់មន្ទីរបរិស្ថានខេត្តកណ្តាល ដែលដាក់ចេញនូវវិធានការ៧ចំណុចឲ្យបានជាមុនសិន បើចង់បើកដំណើរការរោងចក្ររបស់ខ្លួនឡើងវិញ។

លោក ស្វាយ សេងលី ក៏បានលើកឡើងពីវិធានការ៧ចំណុចដូចខាងក្រោម៖

*ទី១-ត្រូវសម្របសម្រួល និងដោះស្រាយឱ្យបានសមស្របជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ពីការបង្ហូសំណល់រាវមានពណ៌ និងក្លិនស្អុយ របស់រោងចក្រ។

*ទី២-ត្រូវប្រមូលសំណល់ប្លាស្ទិកដែលរោងចក្របានយកទៅចាក់ចោលនៅលើដីកម្មសិទ្ធឯកជន របស់ប្រជាពលរដ្ឋ ចេញឱ្យអស់ និងរៀបចំរោងទុកដាក់សំណល់រឹង(សំរាម) ឱ្យបានត្រឹមត្រូវ ឱ្យបានរួចរាល់នៅមុនថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ជាកំហិត។

*ទី៣-ត្រូវរៀបចំសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវស្របតាមលក្ខណៈបច្ចេកទេសឱ្យបាន រួចរាល់នៅមុនថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ជាកំហិត ។

*ទី៤-ក្នុងរយៈពេលនៃការសាងសងអាងប្រព្រឹត្តកម្មសំណល់រាវ ត្រូវបញ្ឈប់ជាបណ្តោះអាសន្ននូវការបង្ហូសំណល់រាវពីចង្វាក់ផលិតកម្ម បង្កឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងការ បំពុលប្រភពទឹកសាធារណៈ ដោយត្រូវរៀបចំស្រះ ស្តុកសំណល់រាវពីផលិតកម្ម ឬផ្តល់ សំណល់រាវទៅឱ្យក្រុមហ៊ុនផ្សេងទៀត ដោយមានការឯកភាពពីមន្ទីរបរិស្ថានខេត្តកណ្តាល ដើម្បីធ្វើការសម្អាតសំណល់រាវរបស់ខ្លួន ។

*ទី៥-ត្រូវស្នើសុំរៀបចំកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់រាវ និងសំណល់រឹងឱ្យបានរួចរាល់មុនថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ជាកំហិត។

*ទី៦-ពិន័យអន្តរការណ៍ ១០ ០០០ ០០០(ដប់លាន)រៀល ករណីបង្ហូរសំណល់រាវដែលមាន ពណ៌ និងក្លិនស្អុយបង្ករផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងការបំពុលប្រភពទឹកសាធារណៈ និងទឹកប្រឡាយស្រោចស្រព។ ម្ចាស់រោងចក្រត្រូវមកបង់ប្រាក់ពិន័យ នៅមន្ទីរបរិស្ថានខេត្ត កណ្ដាល ឱ្យបានមុនថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២២ ។

*ទី៧-ករណីរោងចក្រពុំអនុវត្តតាមចំណុចវិធានការខាងលើ មន្ទីរបរិស្ថានខេត្តកណ្តាលនឹងចាត់វិធានការបន្តតាមនីតិវិធីជាធរមាន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកប្រធាន ជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាព៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299