កណ្តាល៖ លោក ណុប ដារ៉ា អភិបាលរងខេត្ត តំណាងអភិបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ កងកម្លាំង មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-សង្កាត់ បានបើកកិច្ចប្រជុំពាក់ព័ន្ធការដឹកជញ្ជួនខ្សាច់ក្នុងក្រុងតាខ្មៅ ឲ្យស្របតាមលក្ខណៈបច្ចេកទេសស្តង់ដា។
ជាមួយគ្នានោះ លោកអភិបាលរងខេត្តរូបនេះបានចុះពិនិត្យទីតាំងដែលស្តុកខ្សាច់ដើម្បីផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ដេប៉ូ ឲ្យចូលរួមសហការ និងណែនាំបន្តដល់អ្នកបើកបររថយន្តដឹកខ្សាច់ អោយគោរពតាមលិខិតអនុញ្ញាត ក៏ដូចជាច្បាប់ដែលបានកំណត់។
លោក ណុប ដារ៉ា បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំពិនិត្យសណ្តាប់ធ្នាប់នៅទីតាំងដែលរថយន្តត្រៀមចូលដឹកខ្សាច់តាមដេប៉ូខ្សាច់ ដើម្បីបញ្ជៀស កុំឲ្យមានការកកស្ទះដល់អ្នកធ្វើដំណើរ និងបង្ករគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ។
គួររំលឹកផងដែរថា ករណីដេប៉ូខ្សាច់ និងក្រុមរថយន្តដឹកជញ្ជូនខ្សាច់ទាំងអស់នៅក្នុងមូលដ្ឋានក្រុងតាខ្មៅជាពិសេសតាមបណ្ដោយផ្លូវទៅសង្កាត់ស្វាយរលំ សិត្បូនេះ អាជ្ញាធរខេត្តកណ្តាល ធ្លាប់បានចុះមកធ្វើការអប់រំ ណែនាំ ជាច្រើនលើកច្រើនសារណាស់មកហើយ ប៉ុន្តែហាក់បីដូចជាមិនសូវមានប្រសិទ្ធភាពទាល់តែសោះ រហូតដល់មានប្រជាពលរដ្ឋជាច្រើនបានរិះគន់ជុំវិញការដឹកជញ្ជូន ជាហេតុធ្វើឲ្យហុយ ខូចផ្លូវ បង្កគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឱ្យបាក់ច្រាំងទន្លេទៀតផង។ ម្ដងនេះប្រជាពលរដ្ឋសង្ឃឹមលើលោក ណុប តារ៉ា អភិបាលរងខេត្តកណ្តាលហើយថា នឹងអាចបង្ក្រាបក្រុមរថយន្តដឹកជញ្ជូនខ្សាច់ ដេប៉ូខ្សាច់ បែបអាណាធិបតេយ្យ ខុសលក្ខណៈបច្ចេកទេសច្បាប់ឲ្យខាងតែបាន៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299