រដ្ឋបាលខេត្តបាត់ដំបង បានបន្តដាស់តឿនដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ច ដើម្បីជៀសវាងគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។ ការដាស់តឿននេះ ធ្វើឡើងខណៈពេលដែលកម្ពស់ទឹកស្ទឹងសង្កែខេត្តបាត់ដំបងនៅតែហក់ឡើងខ្លាំង។
អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងដងស្ទឹងសង្កែទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារស្ថានភាពនៃទឹកស្ទឹងសង្កែកំពុងហក់ឡើងខ្លាំង ហើយហូរជ្រាបចូលតាមប្រព័ន្ធលូក្រោមដី បង្កឱ្យមានតំបន់មួយចំនួនក្រុងបាត់ដំបងមានទឹកលិច។ ឯកឧត្តម ក៏បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋរាយការណ៍មកអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីមានវិធានការបានទាន់ពេលវេលាផងដែរ។
សូមជម្រាបដែរថា បើតាមរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្រោយការពិនិត្យជាក់ស្តែង តំបន់ដែលកំពុងតែមានទឹកលិចតាមប្រព័ន្ធលូក្រោមដីនោះ គឺស្ថិតនៅតាមដងផ្លូវលេខ៣ ម្តុំស្តុប២ធ្នូ ម្តុំផ្សារបឹងឈូក កន្លែងក្រុមហ៊ុនរថយន្តក្រុង ខាងលិចវិទ្យាល័យព្រះមុនីវង្ស ដោយឡែកនៅស្ទឹងសង្កែ ទឹកនៅមិនទាន់មានសញ្ញាស្រក់ចុះនោះឡើយ។
យ៉ាងណាមិញ ជំនន់ទឹកភ្លៀងដែលហូរចូលមកតាមដងស្ទឹងសង្កែនាពេលនេះ គឺជាការបង្ហូរទឹកមកពីប៉ែកខាងលើស្ទឹងសង្កែ នៅឯស្រុកសំឡូត មានភ្លៀងធ្លាក់មកខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ដោយបានហូរចាក់មកផ្ទៃរងនៅផ្នែកខាងលើនៃអាងទំនប់ពហុបំណងសេកសក នៃស្រុករតនៈមណ្ឌល ហើយត្រូវបានមន្តី្រជំនាញបើកបង្ហូរមកដល់ទំនប់កង្ហត នៃស្រុកបាណន់ រួចបើកបង្ហូរមកបន្តទៀតដើម្បីនាំទឹកទៅកាន់តំបន់បឹងទន្លេសាប៕