សង្គម

សម្ដេចតេជោ ផ្ញើសារទៅអ្នកភូមិព្រះដាក់កុំមានការព្រួយបារម្ភ «មិនមានឱ្យរុះរើ ចាកចេញទៅរុនតាឯកទេ»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើរសារពិសេសជូនប្រជាពលរដ្ឋរស់នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទទួលបានព័ត៌មានមិនច្បាស់ថាមានការរុះរើ ឬដោះដូរលំឋានពួកគាត់មកកាន់តំបន់រុនតាឯក និងអំពាវនាវឲ្យប្រជាពលរដ្ឋស្ងប់ចិត្ត។

អញ្ជើញមានប្រសាសន៍​ក្នុងឱកាសបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩៖ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីជំងឺកូវីដ-១៩»សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឆ្លៀតផ្ញើសារទៅកាន់ប្រជាពលរដ្ឋនៅភូមិ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានមកជួបជុំតវ៉ាមិនឱ្យមានការរុះរើផ្លាស់ប្តូរលំនៅដ្ឋានចេញពីភូមិព្រះដាក់ទៅនៅរុនតាឯក ថាសូមកុំមានការព្រួយបារម្ភ គឺមិនមានការប៉ះពាល់ណាមួយឃុំព្រះដាក់នោះទេ។

សម្តេចបានបន្តជំរាបជូនពីការគិតគូរលើផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធអង្គរដែលមានបារាយណ៍ខាងលិចនិងខាងកើត។បារាយណ៍លិចអត់មានបញ្ហាទេ ប៉ុន្តែបារាយណ៍ខាងកើតមានបញ្ហាកង្វះទឹក និងមានបារាយណ៍១ទៀត ហៅថាបារាយណ៍រលីស ដែលយើង កំពុងតែសិក្សាថា តើយើងអាចដាក់ទឹកបានប៉ុន្មាន ដើម្បីទ្រទ្រង់ឲ្យអង្គរនេះ ដែលឯកអគ្គរដ្ឋទូតជប៉ុន ដែលស្ថិតនៅជាសហប្រធានICCនៅទីនេះ ក៏បានដឹងហើយៗចំណុចដែលយើងត្រូវធ្វើដោយមានការប្រុងប្រយ័ត្ន។

បញ្ហាសំខាន់នៅទីនេះ គឺមិនទាមទារដាក់ទឹករហូតដល់៣០លានម៉ែត្រគូប ដែលទាញយកប្រជាជនទាំងអស់ចេញពីឃុំព្រះដាក់ក៏អត់ដែរ។ យើងបានគិតគូរយ៉ាងល្អិតល្អន់អំពីបញ្ហានេះ។

សម្តេចបន្តថា «ប្រហែលជាតម្រូវការរបស់យើងមានត្រឹមសិក្សាទៅលើទាក់ទងជាមួយនឹងរឿងបាតអាងតែប៉ុណ្ណោះ ដែលយើងអាចនឹងដាក់ទឹកបានប៉ុន្មាន នឹងត្រូវដោះស្រាយជាមួយប្រជាពលរដ្ឋដែលកំពុងទទួលផលនៅទីនោះយ៉ាងម៉េច? ដើម្បីម្ខាងការពារសម្រាប់ប្រជាជនដែលរស់នៅទីនោះ ឯម្ខាងទៀត គឺដើម្បីដោះស្រាយការពារអង្គររបស់យើង»។

សម្តេចបញ្ជាក់ថា «អ្វីដែលជាកិច្ចការបន្ទាន់របស់យើងនៅពេលនេះ គឺអ្នកដែលរស់នៅ ក្រោយឆ្នាំ១៩៧៩ ដែលរស់នៅព័ទ្ធជុំវិញប្រាសាទ តាំងទីលំនៅដោយខុសច្បាប់ ឬអាចថាមិនស្របជាមួយលក្ខខណ្ឌតម្រូវរបស់អង្គការយូនីស្កូ សម្រាប់បេតិកភណ្ឌ យើងកំពុងបន្តចាប់ឆ្នោត និងរៀបចំដីសម្រាប់ការសាងសង់លំនៅឋាន ខណៈពេលនេះរុនតាឯកនៅសល់ត្រឹម២០០ឡូត៍ប៉ុណ្ណោះ ដែលត្រូវរក្សាជាដីបំរុងទុក។ក្រៅពីនេះត្រូវទៅរៀបចំនៅតំបន់ពាក់ស្នែង។ដូច្នេះសូមប្រជាពលរដ្ឋនៅឃុំព្រះដាក់មានការស្ងប់ចិត្តព្រោះរាជរដ្ឋាភិបាលមិនអាចទៅធ្វើទទឹងទិសរុះរើលំនៅដ្ឋានដែលកំពុងរស់នៅរាប់រយឆ្នាំមកហើយនោះទេ»៕