បាត់ដំបង ៖ អាជ្ញាធរតំបន់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្រ្តចំណុចវាលស្រែ ១០០ ,ចំណុចអូរធំ បានចុះអន្តរាគមន៍បណ្តើរៗហើយដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។
បើតាមកងកម្លាំងតំបន់ព្រំដែនបានឲ្យដឹងនៅព្រឹកថ្ងៃទី ២៨ ខែកញ្ញានេះថា នៅព្រឹកនេះវរសេនាតូចលេខ ៥៣៤ កងពលតូចលេខ ៥៣កំពុងចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋនៅចំណុចវាលស្រែ១០០,ចំណុចអូរធំ ចំណុចក្រោយសាលារៀន ក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក។ជំនន់ទឹកភ្លៀងបានជន់ជោរនៅតំបន់ទាំងនេះ។
លោក សុង សុភ័ក្រ អភិបាលស្រុកភ្នំព្រឹកបានបញ្ជាក់ឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក មិនទាន់មានសភាពធ្ងន់ធ្ងរនៅឡើយទេ ព្រោះនៅព្រឹកនេះទឹកបានស្រកថយបន្តិចវិញ ប៉ុន្តែនៅក្នុងចំណុចឃុំបួរ ទឹកបានយាយីដល់ដំណាំផ្សេងៗនិងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងអូរព្រំដែនចំនួន១០គ្រួសារប៉ុណ្ណោះដែលកម្លាំងរបស់គណ:បញ្ជាការឯកភាពស្រុកកំពុងអន្តរាគមន៍ជួយសង្គ្រោះនិងនាំយកទៅកាន់ទីទួលមានសុវត្ថិភាព។
រីឯលោក សុខ ដែន អភិបាលស្រុកកំរៀងបាននិយាយថា សម្រាប់មូលដ្ឋានស្រុកកំរៀងមកទល់ម៉ោងនេះនៅទាន់មានទឹកជំនន់ច្រើនគួរឲ្យគាត់សម្គាល់នាំឲ្យប៉ះពាល់ប្រជាពលរដ្ឋនោះទេ។ចំពោះមុខនេះលោកកំពុងត្រៀមកម្លាំងចំណុះត្រៀមជួយសង្គ្រោះក្នុងករណីទឹកភ្លៀងនៅតែបន្តធ្លាក់នៅថ្ងៃខាងមុខទៀត៕