សង្គម

ប្រាក់ឈ្នួល​អប្បបរមា​កម្មករ​សម្រាប់ឆ្នាំ​២០២៣ ត្រូវ​តម្លើង​ដល់ ២០០ដុល្លារ

(ភ្នំពេញ) ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មការនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ក្នុងឆ្នាំ២០២៣ ក្នុងនោះត្រូវបានដំឡើងដល់២០០ដុល្លារក្នុងមួយខែ។

សូម​បញ្ជាក់ថា នៅព្រឹក​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំ ដើម្បីពិនិត្យសម្រេចលើរបាយការណ៍លទ្ធផល នៃកិច្ចពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។

ទោះបីជាមានកិច្ចប្រជុំជាច្រើនលើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាលើតួលេខណាមួយឡើយ ដោយ តំណាងភាគីកម្មករនិយោជិតបានលើកនូវតួលេខចំនួន ៣ផ្សេងគ្នា គឺតួលេខ ២០៦ដុល្លារអាម៉េរិក ២១០ដុល្លារ អាម៉េរិក និង ២១៣ដុល្លារអាម៉េរិក, តំណាងភាគីនិយោជកបានដំឡើងដល់តួលេខចំនួន ១៩៨ដុល្លារអាម៉េរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រកំណត់យកតួលេខចំនួន ១៩៨ដុល្លារអាម៉េរិក។

យោងតាមមាត្រា១២ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអនុវត្ត នូវនីតិវិធីបោះឆ្នោតជាសម្ងាត់ ដើម្បីគាំទ្រតួលេខនីមួយៗ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

តួលេខចំនួន ១៩៨ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត៤៦សំឡេង លើ ៥១សំឡេង

តួលេខចំនួន ២០៦ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ០សំឡេង លើ ៥១សំឡេង

តួលេខចំនួន ២១០ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ០សំឡេង លើ ៥១សំឡេង

តួលេខចំនួន ២១៣ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ៥សំឡេង លើ ៥១សំឡេង

និងសំឡេងមិនបានការចំនួន ០សំឡេង លើ ៥១សំឡេង។

ឈរលើលទ្ធផលនៃការបោះឆ្នោតនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សូមស្នើតួលេខចំនួន ១៩៨ (មួយរយកៅសិបប្រាំបី) ដុល្លារអាមេរិក ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិនិត្យសម្រេចលើប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ តទៅ ស្របទៅតាមបទប្បញ្ញត្តិជាធរមាននៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា៕