សង្គម

មេដឹកនាំជាន់ខ្ពស់ចុងក្រោយរបស់ខ្មែរក្រហមនឹងត្រូវតុលាកាប្រកាសសាលដីកានៅថ្ងៃទី២២ ខែកញ្ញា

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានឹងប្រកាសសាលក្រមក្នុងសំណុំរឿង ០០២/០២ ប្រឆាំងមេដឹកនាំជាន់ខ្ពស់ចុងក្រោយរបស់ខ្មែរក្រហមលោក ខៀវ សំផន នៅថ្ងៃទី២២ ខែកញ្ញាខាងមុខ វេលាម៉ោង ៩និង៣០នាទីព្រឹក នៅក្នុងបន្ទប់សវនាការនៃ អ.វ.ត.ក។

ការប្រកាសសាលដីកានេះគឺបន្ទាប់ពីតុលាការបានបើកសវនាការស្ដាប់សេចក្ដីសន្និដ្ឋានដោយផ្ទាល់ទៅលើបណ្ដឹងសារទុក្ខ កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

សំណុំរឿង ០០២/០២ គឺសំដៅលើការជំនុំជម្រះដំណាក់កាលទីពីរប្រឆាំងនឹង ខៀវ សំផន និង នួន ជា ដែលនឹងត្រូវជំនុំជម្រះទៅលើបទចោទបន្ថែមទៀត ពីដីកាដំណោះស្រាយក្នុងសំណុំរឿង ០០២។ នៅក្នុងសេចក្តីសម្រេចមួយកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤ អង្គជំនុំជម្រះសាលាដំបូងបានសម្រេចថា ទីតាំងឧក្រិដ្ឋកម្ម និងការចោទប្រកាន់ផ្នែកអង្គហេតុដូចខាងក្រោម នឹងបង្កើតបានជាមូលដ្ឋានសម្រាប់សំណុំរឿង ០០២/០២ ទាក់ទងនឹង អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរំលោភសេពសន្ថវៈ (នៅទូទាំងប្រទេស) ការបោសម្អាតផ្ទៃក្នុង ការសម្លាប់នៅមន្ទីរសន្តិសុខ ស-២១ មន្ទីរសន្តិសុខក្រាំងតាចាន់ មន្ទីរសន្តិសុខអូរកន្សែង និងមន្ទីរសន្តិសុខភ្នំក្រោល ការដ្ឋានសាងសង់ទំនប់ ១មករា ការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង និងការដ្ឋានលើកទំនប់ត្រពាំងថ្ម សហករណ៍ត្រាំកក់ ការប្រព្រឹត្តមកលើពុទ្ធសាសនិកជន (កម្រិតត្រឹមតែសហករណ៍ត្រាំកក់) និងការកំណត់គោលដៅមកលើអតីតមន្រ្តីរបបសាធារណរដ្ឋខ្មែរ (ការអនុវត្តនេះត្រូវបានកម្រិតត្រឹមតែសហករត្រាំកក់ ការដ្ឋានសាងសង់ទំនប់ ១មករា មន្ទីរសន្តិសុខ ស-២១ និងមន្ទីរសន្តិសុខក្រាំងតាចាន់ ប៉ុណ្ណោះ)។

បច្ចុប្បន្ននៅសល់តែលោក ខៀវ សំផន តែមួយប៉ុណ្ណោះដែលនៅរស់រានមានជីវិតរស់ ខណៈលោក នួន ជា ដែលជាអ្នកជាប់បណ្ដឹងជាមួយបានស្លាប់កាលពីខែសីហា ឆ្នាំ២០១៩៕